ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មុកចុះបង្រ្កាបករណីចែកចាយផលិតផលគ្រឿងក្នុងជ្រូក ខូចគុណភាព គ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពដោយដកហូតបានជាង៧០០គីឡូក្រាម។
ប្រតិបត្តិការនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ឲ្យផែនជំនាញ ដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឆ្មក់ចុះបង្ក្រាប់ ជាក់ស្ដែង ដែលឈ្មួញដឹកតាមម៉ូតូរ៉ឺម៉កផ្ទុកក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បញ្ជាក់ឱ្យដឹងថា បើយោងតាមចម្លើយសារភាពពីបុរសម្ចាស់ម៉ូតូរ៉ឺម៉ក គឺផលិតផលគ្រឿងក្នុងជ្រូករូបគាត់គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះមិនមែនរបស់ខ្លួននោះឡើយ។
ខណៈនោះសមត្ថកិច្ចក៏បានធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាចំពោះម្ចាស់ម៉ូតូរ៉ឺម៉ក បញ្ឈប់ការដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូកដែលគ្មានប្រភព និងឯកសារច្បាស់លាស់នៅពេលក្រោយទៀត ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
នគរបាលដដែលបានបញ្ជាក់ទៀតថា ផលិតផលទាំងនេះនាំចូលពីប្រទេសជិតខាងដែលកន្លងមកសមត្ថកិច្ចតែងតែបង្រ្កាបបានជាបន្តបន្ទាប់។ផលិតផលគ្រឿងក្នុងជ្រូកជាង៧០០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញដកហូតយកទៅដុតបំផ្លាញចោលផងដែរ៕
អត្ថបទ៖ កុម្ភះ




