ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS នៅថ្ងៃចន្ទ (ទី២៣ ខែធ្នូ) បានរាយការណ៍ថា គណៈប្រតិភូរុស្ស៊ី បានទៅដល់ទីក្រុងតេអេរ៉ង់ហើយ សម្រាប់ដំណើរទស្សនកិច្ចដែលរួមមានទាំងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ខណៈដែលប្រទេសទាំង២ ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី បាន និងកំពុងធ្វើការលើការកំណត់កាលបរិច្ឆេទ ដើម្បីបញ្ចប់ទាំងស្រុងនូវកិច្ចព្រមព្រៀងមួយ ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខា អំឡុងមានទស្សនកិច្ចទ្វេភាគី ក្នុងខែមករា។
គួរបញ្ជាក់ថា រុស្ស៊ីបានសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ និងប្រទេសដទៃទៀត ដែលមានអរិភាពជាមួយសហរដ្ឋអាមេរិក ដូចជាកូរ៉េខាងជើងជាដើម ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនចាប់ផ្តើមឡើង។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Sergei Lavrov បាននិយាយកាលពីខែតុលាថា ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធ។
ហើយបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានឲ្យដឹងថា គណៈប្រតិភូរុស្ស៊ីទៅកាន់ប្រទេសអ៊ីរ៉ង់នេះដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ២រូប គឺលោក Alexei Overchuk និងលោក Vitaly Savelev៕

