ភ្នំពេញ ៖ ក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៊ិន ឯ.ក ផ្ដល់អំណោយគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលរាជធានី ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។
ពិធីប្រគល់ទទួលអំណោយនេះ បានធ្វើឡើងនារសៀលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៊ិន ឯ.ក នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមគណៈអភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៉ិន ឯ.ក ដែលបានឧបត្ថម្ភ អង្ករ៥០តោន ទឹកស៊ីអ៊ីវ ចំនួន ១០០០យួរ ទឹកត្រីចំនួន១,០០០យួរ ត្រីខចំនួន ១០០០យួរ មីចំនួន ១០០០កេសតូច ទឹកបរិសុទ្ធចំនួន ១០០០កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងជាមួយ និងជំងឺកូវីដ-១៩ ហើយប្រជាជនរាជធានីភ្នំពេញ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងថែមទៀត។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


