ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី២៣ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានផ្តល់ព័ត៌មាន និងឯកសារនានាដល់ការស៊ើបអង្កេតរួមគ្នា ជុំវិញការដាច់ខ្សែកាប នៅក្រោមសមុទ្របាល់ទិក ហើយបានអញ្ជើញប្រទេសអាលឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ និងដាណឺម៉ាកឲ្យចូលរួម និងបញ្ចប់ការស៊ើបអង្កេត។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មាន នៅពេលត្រូវបានសួរអំពីរបាយការណ៍របស់សារព័ត៌មាន Financial Times ដែលថា ប្រទេសស៊ុយអែតបានរិះគន់ប្រទេសចិនថា បានបដិសេធមិនឲ្យមានលទ្ធភាពចូលពេញលេញ ទោះបីជាមានការស៊ើបអង្កេតបើកចំហក៏ដោយ និងថា មិនបានអនុញ្ញាតឲ្យរដ្ឋអាជ្ញាសាធារណៈរបស់ខ្លួនឡើងលើនាវាជាប់ការសង្ស័យ គឺនាវា Yi Peng 3។
ឆ្មាំល្បាតឆ្នេរស៊ុយអែត បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា នាវាដឹកទំនិញដ៏ធំរបស់ចិន កំពុងធ្វើចាប់ផ្ដើមធ្វើដំណើរជាថ្មីម្តងទៀត បន្ទាប់ពីបានចតនៅស្ងៀមអស់រយៈពេលជាងមួយខែ នៅក្នុងដែនទឹករបស់ដាណឺម៉ាក។ ប្រទេសចិនបានអនុញ្ញាតឲ្យតំណាងមកពីអាល្លឺម៉ង់ ស៊ុយអែត ហ្វាំងឡង់ និងដាណឺម៉ាក ឡើងលើនាវានោះ ដើម្បីស៊ើបអង្កេត កាលពីសប្តាហ៍មុន។
គួររំលឹកថា នាវា Yi Peng 3 ស្ថិតនៅក្រោមការស៊ើបអង្កេត ក្រោយមានការដាច់ខ្សែកាបអុបទិកចំនួន ២ខ្សែ កាលពីខែវិច្ឆិកា ដោយមួយខ្សែតភ្ជាប់ហ្វាំងឡង់ និងអាល្លឺម៉ង់ និងមួយទៀតតភ្ជាប់ស៊ុយអែត និងលីទុយអានី។ ឧបទ្ទវហេតុនេះបានធ្វើឲ្យមានការសង្ស័យអំពីអំពើវិឆ្ឆេទកម្ម និងការព្រួយបារម្ភ អំពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់៕
