(ភ្នំពេញ) ៖ ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលការណ៍ណែនាំស្តីពីការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជន រងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ”ហើយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។
កម្មវិធីនេះសហការរៀបចំដោយក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល រួមទាំងមានការគំាទ្រថវិកាពីអង្គការដៃគូពាក់ព័ន្ធសំខាន់ៗរួមមាន ក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសអូស្រ្តាលី តាមរយៈកម្មវិធីACCESS អង្គការUNFPA អង្គការ USAID និង អង្គការ Vital Strategies ក្នុងគោលបំ ណងផ្សព្វផ្សាយដាក់ឱ្យប្រើ ប្រាស់ និងដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរង គ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ» នៅតាមមន្ទីរ ពេទ្យបង្អែករាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងកៀរគរថវិកាគាំទ្រពីអង្គការដៃគូ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការរៀបចំកន្លែងផ្តល់សេ វាចម្រុះនេះឱ្យកាន់តែមានភាពទូលំទូលាយឱ្យបានគ្រប់រាជ ធានី/ខេត្ត ទាំង២៥ ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ច ការនារីបានបញ្ជាក់ថា ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងស្ថាប័នពាក់ព័ន្ធបានរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រចំនួន៧ រាជធានី ខេត្ត ក្នុងនោះ អង្គការ UNFPA បានគាំទ្រខេត្តចំនួន៤ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ, ក្រោមគម្រោងលើកកម្ពស់គុណភាពសេវាសុខាភិបាល របស់ទីភ្នាក់ងារអភិវឌ្ឍន៍របស់សហរដ្ឋ អាមេរិក (USAID-EQHA) តាមរយៈអង្គការ FHI 360 បានគាំទ្រចំនួន៣មន្ទីរពេទ្យ ស្ថិតនៅរាជធានីភ្នំពេញ ខេត្ត បាត់ដំបង និងខេត្តកំពង់ឆ្នាំង ។ ក្នុងឆ្នាំ២០២៥ ខាង មុខនេះអង្គការ FHI-360 នឹងបន្តការគាំទ្របន្ថែម២ខេត្តទៀតគឺ ខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំ និង រដ្ឋាភិបាលអូស្រ្តា លី តាមរយៈកម្មវិធី ACCESS2 នឹងបន្តគាំទ្រការ រៀបចំកន្លែង ផ្តល់សេវាចម្រុះនៅខេត្តចំនួន៣ ទៀត រួមមាន ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តរតនគិរី ។ លោកជំទាវ អ៊ឹង កន្ថាផាវី បន្តថាកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ ជាការបំពេញបន្ថែមលើយន្ត ការដែលមានស្រាប់ សម្រាប់ជួយជនរងគ្រោះ គឺក្រុម ការ ងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅថ្នាក់ក្រោមជាតិ ដែលបច្ចុប្បន្ន ក្រុមការងារនេះត្រូវបានបង្កើតនិងដំ ណើរការងារ នៅក្នុងខេត្តចំនួន១១ និងស្រុកចំនួន ៥១ ដែលបានផ្តួចផ្តើមបង្កើតនិងសម្របសម្រួលដោយក្រសួង កិច្ចការនារី ដើម្បីលើកកម្ពស់ការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេស ស្រ្តីនិងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាឱ្យមានប្រសិទ្ធភាពទាន់ ពេលនិងប្រកបដោយបរិយាបន្ន។
លោកជំទាវបន្តថា ប្រទេសកម្ពុជាបានធ្វើការប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យធ្លាក់ដល់ កម្រិត ទាបបំផុតនៅឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលកម្ពុជារួមជាមួយនឹងប្រទេសជាង១៨០ប្រទេស បានធ្វើការប្តេជ្ញាចិត្តនៅឯសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីចុង ឆ្នាំ២០១៩ ថានឹងសម្រេចឱ្យបានសូន្យចំនួនបី គឺ ទី១.ការលុបបំបាត់អត្រាមរណភាពមាតាដែលអាចការពារបាន ទី ២.ការលុបបំបាត់នូវតម្រូវការមធ្យោបាយពន្យារកំណើតដែលមិនបានសម្រេច និងទី៣.ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
យោងតាមលទ្ធផលនៃការអង្កេតស្តីពីប្រជាសាស្រ្តនិងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា ផែន ការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីឆ្នាំ ២០១៩-២០២៣ បានធ្វើឱ្យអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាក្នុងគ្រួសារឬអំពើហិង្សាពីដៃគូរស្និទ្ធស្នាលមានការថយចុះគួរឱ្យកត់សម្គាល់ពោលគឺ ពី២៩% ក្នុងឆ្នាំ២០១៤ មកនៅត្រឹម២១% ក្នុងឆ្នាំ២០២២។ បន្ថែមពីនេះទៀត ផ្អែកលើការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្ម ភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣ ២០១៩- ២០២៣ បានរកឃើញផលជះជាវិជ្ជមាន ដោយ មានភាពប្រសើរឡើងទាក់ទងនឹងការទទួលខុសត្រូវរួមគ្នារបស់ក្រសួងស្ថាប័ន ការផ្តល់សេវាជំនួយផ្លូវច្បាប់ទំនុកចិត្តរបស់អ្នក ទទួលសេវា ការយល់ដឹងកាន់តែច្រើនជាងមុនថា អំពើហិង្សាលើស្រ្តីនិងក្មេងស្រី គឺជាការបំពានសិទ្ធិមនុស្ស។
កម្ពុជាត្រូវបានអ្នកជំនាញអន្តរជាតិបានវាយតម្លៃនិងទទួលស្គាល់ថា ជាប្រទេសឈានមុខនិងជាគំរូនៅក្នុងរបាយការណ៍វាយតម្លៃនៃការ អនុវត្តផែនការសកម្មភាពថ្នាក់តំបន់អាស៊ាន ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់និងទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ។ ជាហេតុនាំឲ្យបណ្តាប្រទេសក្រៅតំបន់អាស៊ានមួយចំនួនបានមកសិក្សាដកស្រង់បទពិសោធន៍ពីកម្ពុជាលើការអនុវត្តការងារទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្រ្តី និងក្មេងស្រី ផងដែរ ។
ទន្ទឹមនឹងសមិទ្ធផលដ៏វិជ្ជមាន រួមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសការលេចឡើងនូវការពេញនិយមនូវបញ្ញាសិប្បនិម្មិត (AI) ដែលអាចបង្ករឱ្យមានបញ្ហាប្រឈមលេចឡើងថ្មី និងមានលក្ខណៈស្មុគ ស្មាញជាងមុន ប៉ះពាល់ដល់សុខសុវត្ថិភាពស្ត្រីនិងក្មេង ស្រី តាមរយៈការផលិតនិងចែកចាយរូបភាពនិងវីដេអូអាស អាភាសរបស់ស្ត្រីនិងក្មេងស្រី ការចែករំលែកព័ត៌មានក្លែង ក្លាយក្នុងគោលដៅធ្វើអាជីវកម្ម គំរាមកំហែងបង្ខូចកេរិ៍្តឈ្មោះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនិងក្មេងស្រី ដែលអាចចាត់ទុកថាជាអំពើបៀតបៀនផ្លូវភេទ និងអំពើហិង្សាតាមប្រព័ន្ធអនឡាញ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នា ទាំងវិស័យសាធារណៈ (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) វិស័យឯកជន និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវរួមគ្នាបង្កើនការយក ចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការការពារ ទប់ស្កាត់ និងដោះ ស្រាយបញ្ហានេះឱ្យបានឆាប់រហ័សនិងទាន់ពេលវេលាជូនជនរងគ្រោះ និងធានាថាជនរងគ្រោះទាំងអស់ទទួលបាន ការការពារដោយសុវត្ថិភាព និងការព្យាបាលទាំងផ្នែកវេជ្ជ សាស្ត្រនិងចិត្តសាស្ត្រ រួមទាំងរួចផុតពីទង្វើរអមនុស្សធម៌ទាំងនេះ។
លោកជំទាវសូមគោរពដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្រ្តី ដែលបានផ្តល់អនុ សាសន៍ដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈការថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងយោងតាមស្មារតីនៃសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៣៣៥ សជណ.អវ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៨ ត្រង់ចំណុចទី៤ បានគូសបញ្ជាក់យ៉ាងច្បាស់ឱ្យ ក្រសួងសុខាភិបាល និងក្រសួងកិច្ចការនារី ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបង្កើតមណ្ឌលផ្តល់សេវាចម្រុះ (កន្លែងតែមួយ) សម្រាប់ស្រ្តី និង ក្មេងស្រីដែលរង គ្រោះដោយអំពើហិង្សាគ្រប់ទម្រង់ដើម្បីសម្រួលការផ្តល់សេវាផ្នែកច្បាប់សេវាសង្គមកិច្ច សេវាសុខភាព និងសេវាផ្សេងៗទៀត ព្រមទាំងត្រូវសហការជាមួយក្រសួងកិច្ចការ នារី ស្ថាប័នមន្ទីរពាក់ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួនជា ពិសេសអាជ្ញាធរមូលដ្ឋាន។
សម្តេចតេជោអតីតនាយករដ្ឋមន្រ្តីតែងតែផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថា «ជួយស្ត្រី គឺជួយខ្លួនឯង» អាស្រ័យហេតុនេះ ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាលបានសហការគ្នារៀបចំឱ្យមានកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរង គ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលជាកន្លែងប្រមូលផ្តុំ និងសម្របសម្រួលសេវាផ្សេងៗសម្រាប់ជនរង គ្រោះនៅក្នុងកន្លែងតែមួយ ដូចជា សេវាសុខភាពជំនួយផ្នែកច្បាប់ ការប្រឹក្សាផ្លូវចិត្ត កិច្ចអន្តរាគមន៍ពីមន្រ្តីនគរបាលយុត្តិធម៌ និង សេវាសង្គមពាក់ព័ន្ធ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា រួមទាំងឆ្លើយ តបទៅនឹងយុទ្ធសាស្រ្តទី២ នៃផែនការសកម្មភាពជាតិស្តីពីការទប់ ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៣ (២០១៩- ២០២៣)គឺ “ការការពារផ្នែកច្បាប់ និង សេវាកម្មពហុវិស័យ” ជូនជនរង គ្រោះ ។
លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រសួងក្រសួងសុខាភិបាលក្នុងកិច្ចសហការរៀបចំឱ្យមានកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតាមមន្ទីរពេទ្យ រួមទាំងសូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ស្ថានទូតអូស្រ្តា លីតាមរយៈកម្មវិធី ACCESS2 អង្គការUNFPA អង្គការ USAID ប្រចាំកម្ពុជា អង្គការ Vital Strategies និងអង្គការ FHI-360 ដែលបានសហការនិងខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់ខ្ពស់ក្នុងការរៀបចំឱ្យមាន «គោលការណ៍ណែនាំស្តីពី ការរៀបចំកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ» រហូតទទួលបានសមិទ្ធផលផ្លែផ្កាគួរជាទីមោទននាពេលនេះ ទន្ទឹមនឹងនេះលោកជំទាវសូមសំណូមពរដល់ក្រសួង ស្ថាប័ន និង ដៃគូពាក់ព័ន្ធទាំងអស់បន្តពង្រឹង និងពង្រីកកន្លែងផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរង គ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ បន្ថែមទៀតនៅតាមមន្ទីរពេទ្យនៅទូទាំង២៥រាជធានី/ខេត្ត ដើម្បីឱ្យសេវានេះអាចបម្រើជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
លោកជំទាវរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូពាក់ព័ន្ធទាំងអស់នឹងប្រើប្រាស់គោលការណ៍ណែនាំនេះ ជាគោលការណ៍គម្រូមួយក្នុងការរៀបចំបង្កើតកន្លែងផ្តល់សេវាចម្រុះឆ្លើយ តបចំពោះជន រងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅក្នុងគ្រប់បណ្តារាជធានី/ខេត្តនិងស្រុក/ខណ្ឌ ផ្សេងៗទៀតឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីផ្តល់ធានានូវគុណភាពសេវាជួយជនរងគ្រោះ ជាពិសេស ស្រ្តី និងក្មេងស្រី និង ក្រុមងាយរងគ្រោះ ឲ្យកាន់តែមានប្រសិទ្ធ ភាពទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន ៕











