កោះកុង ៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានថែទាំខួបផ្លូវចំនួន ២ខ្សែ និងសំណង់ សិល្បការ្យផ្សេងៗ ក្នុងស្រុកកោះកុង ខេត្តកោះកុង បានល្អប្រសើរ សម្រាប់ជាប្រយោជន៍សម្រួលដល់ការធ្វើដំណើរ ដែលជាការឆ្លើយតប និងការលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផល ការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ដោយក្រាលដីល្បាយក្រួស ប្រវែងសរុបជាង ៤ ពាន់ម៉ែត្រ លូប្រអប់មុខបីចំនួន ២កន្លែង, លូមូលមុខ មួយចំនួន ១៣កន្លែង, លូមុខពីរចំនួន ៣កន្លែង និងលូមូលមុខបីចំនួន ២កន្លែង, ស្ថិតនៅឃុំជ្រោយប្រស់ និងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី ២៣ ធ្នូ នេះថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោល នយោបាយអភិវឌ្ឍន៍ជនបទ គឺមានគោលបំណងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើន ដែលបញ្ហា នេះ គឺជាការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ជាក់ស្តែងការងារថែទាំខួបផ្លូវ នៅតំបន់ខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលអនុវត្តន៍លើការងារថែទាំផ្លូវ-លូបានល្អប្រសើរ ជាពិសេសបណ្តាញផ្លូវមិនថាទីក្រុង ឬនៅតាមជនបទ គឺមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន, ក្នុងនោះកាលណាបើសិនយើងមានផ្លូវល្អ គឺអាចសម្រួលការធ្វើដំណើររបស់ ប្រជាជនបានលឿន និងទាន់ពេលវេលា និងកាត់បន្ថយនូវចំណាយផ្សេងៗ ដែលបញ្ហានេះជាការចូលរួមចំណែកលើកកម្ពស់ដល់ការ រស់នៅរបស់ប្រជាជននៅតាមជនបទពិតៗ។
ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តកែ លម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គមនានា ដើម្បីបន្តជំរុញការលើកកម្ពស់ជីវភាព ប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម ដើម្បីជំរុញបង្កើតបរិយាកាសការរស់នៅរបស់ប្រជាជននៅតាមមូល ដ្ឋានប្រកបដោយភាពអំណោយផលគ្រប់បែបយ៉ាង៕
អត្ថបទ៖ សុន រ៉ាឌី
















