
ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានទទួលជំនួយជារថយន្តចំនួន៣៩គ្រឿងពីភាគីជប៉ុន សម្រាប់គាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២ខាងមុខ។
នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជេីញចូលរួមក្នុងពិធីប្រគល់-ទទួលរថយន្តចំនួន៣៩គ្រឿង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន ដើម្បគាំទ្រប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា។ ក្នុងនោះ ការផ្តល់រថយន្តនេះ គឺជា ផ្នែកមួយនៃការផ្តល់ជំនួយហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួនបីរយលានយ៉េនជប៉ុន ស្មើនឹងប្រមាណ ២,៧លានដុល្លារអាមេរិក ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជប៉ុន។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា ជាមួយនឹងវឌ្ឍនភាពល្អប្រសើរក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការនៅទូទាំងតំបន់របស់យើង កម្ពុជាមានជំនឿចិត្តយ៉ាងមុតមាំក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាលក្ខណៈចូលរួមដោយផ្ទាល់ ដោយរក្សាបាននូវសុវត្ថិភាពពីជំងឺកូវីដ-១៩ ជាពិសេសកិច្ចប្រជុំជាបន្តបន្ទាប់ចំនួនពីរធំៗ ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល ដែលមានការចូលរួមពីដៃគូខាងក្រៅ និងគណៈប្រតិភូធំៗ។
ឯកឧត្តម ប្រាក់ សុខុម បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងដៃគូសន្ទនានានា រួមទាំងប្រទេសជប៉ុនផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខនៅក្នុងតំបន់របស់យើង។
ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ទៀតថា មានបញ្ហាបន្ទាន់ជាច្រើននៅចំពោះមុខយើង ដូចជាការសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩ និងការស្តារឡើងវិញពីផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ច អស្ថិរភាពការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ ដែលអាស៊ាន ជប៉ុន និងដៃគូអាស៊ានផ្សេងទៀត អាចធ្វើការរួមគ្នាដើម្បីដោះស្រាយ តាមរយៈយន្តការនានាដឹកនាំដោយអាស៊ាន និងនៅក្នុងក្របខ័ណ្ឌតំបន់ផ្សេងទៀត។
នៅសល់ពេល២ខែគត់ គិតចាប់ពីឥឡូវទៅ ដែលកម្ពុជានឹងចាប់ផ្តើមអាណត្តិជាផ្លូវការរបស់ខ្លួន ដើម្បី ដឹកនាំដំណើរការរបស់អាស៊ានជាលើកទី៣ ចាប់តាំងពីកម្ពុជាបានចូលរួមជាមួយអង្គការតំបន់នេះនៅឆ្នាំ១៩៩៩។ គួរបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសទទួលញញួររបស់ប្រធានអាស៊ានពីព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ កាលពីសប្តាណ៍មុន បានប្រកាសអំពីមូលបទ ឆ្នាំ២០២២ អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ហើយបំណងប្រាថ្នាក្រោមមូលបទនេះ គឺដើម្បីកៀរគរសាមគ្គីភាពរបស់អាស៊ាន ជាគ្រួសាររួបរួមមួយនៅក្នុងការដោះស្រាយបញ្ហាជាយុទ្ធសាស្ត្រ ដែលកំពុងប្រឈមជាមួយតំបន់របស់យើង៕ អត្ថបទ៖ សេក ឧត្តម
