យោងតាមការធ្វើអត្ថាធិប្បាយរបស់ក្រុមមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឱ្យដឹងថា គម្លាតខ្លះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជុំវិញបទឈប់បាញ់នៅតំបន់ហ្កាហ្សាបានរួមតូច ទោះបីការខ្វែងគំនិតគ្នាដ៏សំខាន់ នៅពុំទាន់ត្រូវបានដោះស្រាយក៏ដោយ។

ការសម្របសម្រួលថ្មីៗដោយក្រុមអ្នកផ្ដួចផ្ដើមចរចាអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងបរទេស មានសន្ទុះខ្លាំងក្នុងខែនេះ ទោះពុំទាន់មានសេចក្តីរាយការណ៍ណាមួយឱ្យដឹងនៅឡើយក៏ដោយ។
មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលបានដឹងការចរចានោះ បាននិយាយថា ខណៈចំណុចជាប់គាំងមួយចំនួនត្រូវបានដោះស្រាយ អត្តសញ្ញាណអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលនឹងត្រូវដោះលែងដោយអ៊ីស្រាអែលជាថ្នូរនឹងចំណាប់ខ្មាំង មិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ រួមទាំងការដាក់ពង្រាយទាហានអ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាផងដែរ។

ការអត្ថាធិប្បាយរបស់លោកស្របគ្នានឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួនអ៊ីស្រាអែល លោក អាមីចៃ ជីកលី (Amichai Chikli) ដែលបាននិយាយថាបញ្ហាទាំងពីរនៅតែកំពុងត្រូវបានចរចា។ យ៉ាងណាក៏ដោយ លោកបានថ្លែងថា ភាគីទាំងពីរខិតទៅជិតការសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ខ្លាំងជាងការដែលពួកគេបានចរចាអស់រយៈពេលជាច្រើនខែកន្លងមកនេះ។
លោក ជីកលី បានប្រាប់វិទ្យុ Kan របស់អ៊ីស្រាអែលថា បទឈប់បាញ់នេះអាចមានរយៈពេល៦ខែ ឬអាចមានរយៈពេល ១០ ឆ្នាំ អាស្រ័យលើស្ថានភាពជាក់ស្ដែង ។ លោកបាននិយាយថា ភាគច្រើន អាស្រ័យលើអំណាចដែលនឹងដំណើរការ និងការស្តារតំបន់ហ្កាហ្សាឡើងវិញនៅពេលការប្រយុទ្ធគ្នាបានបញ្ឈប់៕