ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ទាហានកូរ៉េខាងជើងជាង ៣.០០០នាក់បានស្លាប់ និងរងរបួស ក្នុងតំបន់សមរភូមិជួរមុខភាគខាងលិចនៃទីក្រុង ឃើស (Kursk)ក្នុងដីរុស្ស៊ី ដោយបង្កើនការព្រួយបារម្ភពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង និងឧបករណ៍បន្ថែមទៅកាន់ប្រទេសរុស្ស៊ី។

លោក Zelenskyy បានបង្ហាញតួលេខកាលពីថ្ងៃចន្ទលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ជាចំនួនលើសពីការប៉ាន់ស្មានរបស់កូរ៉េខាងត្បូង ដែលថាមានជនរងគ្រោះកូរ៉េខាងជើងប្រហែល ១.១០០នាក់ រួមទាំងយ៉ាងហោចណាស់ ១០០ នាក់បានស្លាប់។

យោងតាមទិន្នន័យបឋម ចំនួនទាហានកូរ៉េខាងជើងដែលបានសម្លាប់ និងរងរបួសនៅក្នុងតំបន់ Kursk មានលើសពី៣.០០០នាក់។លោកថា ចំនួននេះ គឺសំអាងដល់របាយការណ៍ដែលលោកទទួលបានពីមេបញ្ជាការយោធាជាន់ខ្ពស់អ៊ុយក្រែនលោកអូឡេកសាន់ឌ័រ ស៊ីស្គី (Oleksandr Syrskyi ) ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា មានហានិភ័យដែលកូរ៉េខាងជើងអាចបញ្ជូនទាហាន និងឧបករណ៍យោធាបន្ថែមទៀតទៅជួយយោធារុស្ស៊ី ដោយព្រមានពីការឆ្លើយតបចាស់ដៃនៅក្នុងព្រឹត្តិការណ៍នៃសកម្មភាពបែបនេះ។
កាលពីថ្ងៃចន្ទ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងទំនងកំពុងត្រៀម ដាក់ពង្រាយកងទ័ព និងឧបករណ៍យោធាបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ដែលអាចរួមបញ្ចូលទាំងយានដ្រូនអត្តឃាតផងដែរ៕