រដ្ឋាភិបាលស៊ូដង់ បានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងប្រព័ន្ធត្រួតពិនិត្យភាពអត់ឃ្លានជាសកល នៅមុនថ្ងៃនៃរបាយការណ៍ដែលនឹងបង្ហាញពីគ្រោះទុរ្ភិក្សរីករាលដាលពាសពេញប្រទេស ក្នុងជំហានមួយដែលទំនងជាកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិអត់ឃ្លានដ៏ធំបំផុតមួយរបស់ពិភពលោក។

នៅក្នុងលិខិតចុះថ្ងៃទី២៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ស៊ូដង់ បាននិយាយថា រដ្ឋាភិបាលកំពុងបញ្ឈប់ការចូលរួមរបស់ខ្លួននៅក្នុងប្រព័ន្ធរបស់អង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម IPC។ លិខិតនោះបានចោទ IPC ថាបានចេញរបាយការណ៍មិនអាចទុកចិត្តបានដែលធ្វើឱ្យខូចអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ស៊ូដង់។

នៅថ្ងៃអង្គារ (២៤ ធ្នូ) នេះ IPC ត្រៀមបោះពុម្ពរបាយការណ៍ដែលរកឃើញថា គ្រោះទុរ្ភិក្សបានរីករាលដាលដល់តំបន់ចំនួន៥ ក្នុងប្រទេសស៊ូដង់ ហើយអាចពង្រីកដល់១០តំបន់ នៅខែឧសភា នេះបើយោងតាមឯកសារសង្ខេបដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ។

ប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយដែលកំពុងប្រតិបត្តិការនៅស៊ូដង់ និយាយថា ការដកខ្លួនរបស់ស៊ូដង់ ពីប្រព័ន្ធ IPC អាចធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដើម្បីជួយដល់ប្រជាជនស៊ូដង់ រាប់លាននាក់ដែលទទួលរងពីភាពអត់ឃ្លានធ្ងន់ធ្ងរ៕