ប្រទេសក្រិកកំពុងប្រឈមគ្រាអាសន្នសម្រាប់កុមារជនភៀសខ្លួន ខណៈចំនួនអនីតិជនគ្មានអ្នករួមដំណើរមកដល់ប្រទេសនេះកើនឡើង ហើយការព្រួយបារម្ភកើនឡើងជុំវិញការខ្វះខាតតំបន់សុវត្ថិភាព ទទួលពួកគេ។

ចំនួនកុមារដ៏ច្រើនបានទៅដល់នៅឆ្នាំ ២០២៤នេះ តាមផ្លូវដែលមានការជួញដូរថ្មីពីប្រទេសលីប៊ីទៅទីក្រុងគ្រីត(Crete)របស់ក្រិកដែលរុញឱ្យអង្គការក្រៅរដ្ឋាភិបាលជំរុញដល់ក្រុមអាជ្ញាធរក្រិកចាត់វិធានការបន្ទាន់ ដែលនឹងអនុញ្ញាតឱ្យកុមារត្រូវបានផ្ទេរទៅជម្រកការពារ ឬរដ្ឋសមាជិកសហភាពអឺរ៉ុបផ្សេងទៀត។

លោកស្រី សូវីហ្វីយ៉ា កូវ៉េឡាគី (Sofia Kouvelaki ) ប្រធានគម្រោងHome Project ដែលជាអង្គការគាំទ្រជនភៀសខ្លួន និងកុមារអន្តោប្រវេសន៍នៅរដ្ឋធានីអាតែន (Athens)បាននិយាយថាអ្វីដែលយើងកំពុងមើលឃើញគឺស្មើនឹងភាពអាសន្នរបស់កុមារនៃប្រភេទដែលយើងពុំធ្លាប់បានឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

១០ឆ្នាំបន្ទាប់ពីប្រទេសក្រិកស្ថិតនៅកណ្តាលនៃវិបត្តិជនភៀសខ្លួន នៅពេលអ្នកស្វែងរកសិទ្ធិជ្រកកោនជិតមួយលាននាក់នៅសហភាពអឺរ៉ុបបានឆ្លងកាត់ព្រំដែនរបស់ខ្លួន ការមកដល់របស់កុមារបានកើនឡើងទ្វេដងក្នុងឆ្នាំ ២០២៤នេះ។ នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR ។ អនីតិជនជាង ១៣.០០០នាក់ បានទៅដល់ប្រទេសនេះតាមសមុទ្រក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ។ ការមកដល់នៃកុមារគ្មានអ្នករួមដំណើរ និងកុមារគ្មានអាណាព្យាបាលក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ពី១.៤៩០នាក់ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ៣.០០០នាក់ រហូតមកដល់ពេលនេះនៅឆ្នាំនេះ៕