យោងតាមតួលេខដែលបានកែសម្រួលពីការិយាល័យស្ថិតិជាតិ (ONS) បានឱ្យដឹងថា សេដ្ឋកិច្ចចក្រភពអង់គ្លេស ពុំបានបង្ហាញពីកំណើននៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៤ នេះទេ ។ ការរំពឹងទុកដំបូងនៃ កំណើនតិចតួច០,១ភាគរយត្រូវបានបន្ទាប ដោយបង្ហាញពីការនៅទ្រឹងនៃផលិតផលក្នុងស្រុកសរុប GDP នៅចន្លោះខែកក្កដា និងខែកញ្ញា។

ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះកើតឡើងស្រពេលប្រទេសនេះ ជួបភាពជាប់គាំងក្នុងវិស័យសេវាកម្មរបស់ខ្លួន និងការធ្លាក់ចុះនៃទិន្នផលផលិតកម្ម។

របាយការណ៍ពីការិយាល័យស្ថិតិជាតិ ដែលគ្របដណ្តប់ក្នុងរយៈពេល ៣ ខែ ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់គណបក្សពលករ ចូលកាន់តំណែង ក៏បានកែសម្រួលតួលេខកំណើននៃត្រីមាសទីពីរមកត្រឹម ០,៤%ពី០,៥%ដែលបានរាយការណ៍កាលពីកន្លងទៅ។ ធនាគារកណ្តាលអង់គ្លេសបានបន្ថែមទៅនឹងភាពអាប់អួរដោយការព្យាករណ៍កំណើនសូន្យសម្រាប់ត្រីមាសទី៤ ដែលបង្ហាញពីបញ្ហាប្រឈមនៅតែបន្តសម្រាប់សេដ្ឋកិច្ចចក្រភពអង់គ្លេស។

ទិន្នផលផលិតកម្មបានក្លាយជាបញ្ហាសំខាន់មួយដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចធ្លាក់ចុះ០,៤% ក្នុងអំឡុងត្រីមាសទីបី។ ការធ្លាក់ចុះនេះត្រូវបានគេសន្មតថាភាគច្រើនដោយសារការថយចុះការផ្គត់ផ្គង់ថាមពល និងផលិតកម្ម។
វិស័យសេវាកម្មដ៏លេចធ្លោរបស់ចក្រភពអង់គ្លេសដែលមានចំណែកភាគច្រើននៃសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន ក៏បរាជ័យក្នុងការរីកចម្រើនដែរ ដោយមានការប៉ាន់ប្រមាណកាលពីកន្លងទៅថាមានការកើនឡើង០,១% ត្រូវបានកែសម្រួល ទៅជាសូន្យភាគរយវិញ ដែលមានន័យថាសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនៅទ្រឹងក្នុងត្រីមាសទីបីនៃឆ្នាំ២០២៤នេះ ៕