បណ្ដាមេដឹកនាំព្រះវិហារនៅស៊ីរី ផ្តល់ដំបូន្មានដល់គ្រិស្តបរិស័ទឱ្យកាត់បន្ថយការប្រារព្ធពិធីបុណ្យណូអែលនៅឆ្នាំនេះ បើទោះបីជាមានការធានាពីពួកអ៊ិស្លាមនិយមដែលទើបតែកាន់អំណាចថ្មីថា គ្រប់ពលរដ្ឋទាំងអស់មានសេរីភាពក្នុងការអនុវត្តសាសនារបស់ពួកគេក៏ដោយ។

ការដាក់កំហិតនេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមចម្បងមួយសម្រាប់មេដឹកនាំអ៊ិស្លាមនិយមថ្មីរបស់ស៊ីរី ជុំវិញការបង្កើតទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមជនជាតិភាគតិចជាច្រើន ដែលសុទ្ធតែមានរបួសផ្លូវចិត្តដោយរបបផ្តាច់ការជាច្រើនទសវត្សរ៍ និងសង្គ្រាមស៊ីវិល ១៣ឆ្នាំ។

មេដឹកនាំតាមជាក់ស្ដែង លោក Ahmed al-Sharaa បានប្រាប់ពួកគ្រិស្តសាសនិក និងក្រុមផ្សេងទៀតថា ពួកគេនឹងមានសុវត្ថិភាពនៅស៊ីរី ក្នុងការគ្រប់គ្រងដោយក្រុម HTS ដែលជាអតីតសាខារបស់ពួកអាល់កៃដា ទោះជាលោកធ្លាប់ជាអតីតមេដឹកនាំក្រុមអ៊ីស្លាមនិកាយនិកាយស៊ុននី ដែលចាត់ទុកគ្រិស្ដសាសនិកថាជាអ្នកមិនស្មោះត្រង់ក៏ដោយ។

ហើយលោកប្រាប់ក្រុមមន្ត្រីលោកខាងលិចថា ក្រុម HTS នឹងមិនសងសឹកប្រឆាំងនឹងអតីតរបបរបស់លោក Bashar al-Assad ដែលភាគច្រើនមកពីនិកាយ អាឡាវីតេ (Alawite) ឬគាបសង្កត់ជនជាតិភាគតិចសាសនាផ្សេងទៀតទេ ប៉ុន្តែគ្រិស្តបរិស័ទជាច្រើនហាក់មិនទាន់ជឿជាក់នៅឡើយ៕