នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ដែលគណបក្សរបស់លោកមើលទៅនឹងបាត់បង់អំណាចនៅដើមឆ្នាំក្រោយនេះ កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភារបស់ខ្លួនឱ្យចុះចេញពីតំណែង និងអនុញ្ញាតឱ្យមេដឹកនាំថ្មីចូលកាន់តំណែង។

គណបក្សសេរីនិយម ដែលកំពុងកាន់អំណាច ប្រឈមមុខនឹងបរាជ័យក្នុងការបោះឆ្នោតបន្ទាប់ ក្រោយកាន់តំណែងជាង ៩ឆ្នាំ ស្របពេលបាត់បង់ការគាំទ្រពីអ្នកបោះឆ្នោត ក៏ដូចជាការខឹងសម្បារចំពោះតម្លៃទំនិញដ៏ខ្ពស់ និងវិបត្តិលំនៅដ្ឋាន។
សារជីវកម្មផ្សព្វផ្សាយកាណាដា បាននិយាយថា សមាជិកសភាសេរីនិយមជាង ៥០នាក់មកពីរដ្ឋ អនថារីយូ (Ontario) ជាខេត្តមានប្រជាជនច្រើនជាងគេក្នុងចំណោមខេត្តទាំង១០ និងជាបន្ទាយសំខាន់របស់បក្ស បានធ្វើការអំពាវនាវបែបនោះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយយល់ស្របថាលោក Trudeau ត្រូវតែចុះចេញពីតំណែង។
កាលពីសប្តាហ៍មុន លោក Trudeau រងនូវការវាយប្រហារធំៗចំនួនពីរ ទីមួយគឺអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី គ្រីសស្ទៀ ហ្វ្រីលែន (Chrystia Freeland) លាលែងពីតំណែងស្របពេលជម្លោះគោលនយោបាយលើការចំណាយ ហើយទីពីរគឺបក្សប្រឆាំងទាំងអស់បានគំរាមថាពួកគេនឹងរួបរួមគ្នាដើម្បីទម្លាក់រដ្ឋាភិបាលសេរីនិយមសំឡេងភាគតិចរបស់លោក។
ប្រសិនបើលោក Trudeau ចុះពីតំណែងមែន ហើយបក្សមានពេលជ្រើសរើសមេដឹកនាំអចិន្ត្រៃយ៍ថ្មីនោះ បេក្ខភាពដ៏លេចធ្លោរួមមាន លោកស្រី Freeland និងរដ្ឋមន្ត្រីការបរទេស លោកស្រី មេឡានី ចូលី (Melanie Joly) លោករដ្ឋមន្ត្រីក្រសួងច្នៃប្រឌិត ហ្វ្រង់ស្វ័រ-ហ្វីលីប ឆាំប៉ាញ៉េ (Francois-Philippe Champagne) និងអតីតអភិបាលធនាគារកណ្តាល លោក ម៉ាក ខានី (Mark Carney)៕