ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការដើម្បីធានាបានការអនុវត្តន៍សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការបញ្ឈប់ការនាំចូលអាវុធទៅក្នុងតំបន់ Darfur នៅភាគខាងលិចប្រទេសស៊ូដង់ និងការវាយប្រហារលើទីក្រុង El Faher ។

លោក Burhan ដែលជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ផងដែរនោះ បាននិយាយនៅពេលលោកជួបជាមួយបេសកជនរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ លោក Ramtane Lamamra នៅទីក្រុង Port Sudan ភាគខាងកើត។

លោក Al-Burhan បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសស៊ូដង់ ដើម្បីធ្វើការជាមួយអង្គការសហប្រជាជាតិក្នុងការបង្កើតចក្ខុវិស័យរួមសម្រាប់ការងារនាពេលអនាគតលើគ្រប់វិស័យ ព្រមទាំងការការពារជនស៊ីវិល ដោយជំរុញឱ្យស្ថាប័ន និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) និង ថ្កោលទោសការបំពានរបស់ក្រុមនេះ។
បេសកជនអង្គការសហប្រជាជាតិ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ជំនួបនេះ បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ូដង់។ លោក Lamamra និយាយថា ក្នុងអំឡុងជំនួប លោកបានបញ្ជាក់ថា អង្គការសហប្រជាជាតិ ចូលរួមនិងលើកទឹកចិត្តឱ្យមានដំណោះស្រាយដែលត្រូវចរចារចំពោះវិបត្តិនៅក្នុងប្រទេសស៊ូដង់។
លោកនិយាយថា សង្រ្គាមដែលបានអូសបន្លាយពេលជិតពីរឆ្នាំមកនេះ បានបណ្តាលឲ្យមានជនរងគ្រោះជាច្រើននាក់។ អង្គការសហប្រជាជាតិ និងស្ថាប័នជាច្រើនរបស់ខ្លួន បានត្រៀមក្នុងការសហការបន្ថែមទៀតជាមួយប្រទេសស៊ូដង់ ដើម្បីឈានដល់ដំណោះស្រាយចំពោះវិបត្តិនៅស៊ូដង់ និងបញ្ឈប់ទុក្ខលំបាករបស់ប្រជាជនស៊ូដង់។
យោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការអន្តរជាតិបានឲ្យដឹងថា ជម្លោះដ៏បង្ហូរឈាមនេះ បានបណ្តាលឱ្យមនុស្សស្លាប់ជាង ២៨.៧០០នាក់ និងមនុស្សជាង១៤លាននាក់ បានភៀសខ្លួនចេញ មិនថានៅខាងក្នុង និងក្រៅប្រទេសស៊ូដង់នោះទេ ។