ក្រុមហ៊ុន សហគ្រាសចិន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា មានចំនួនសរុបជិត ៣ពាន់ក្រុមហ៊ុន កើនឡើងជាង ២០% ។ រីឯទំហំពាណិជ្ជកម្មទ្វេរភាគីសម្រេចបានសរុបជាង ១៣ពាន់លានដុល្លាអាម៉េរិក កើនឡើងជាង ២៤% ។ នេះបើគិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតក្នុងរយៈពេលដូចគ្នាខាងលើនេះ និយាយចំពោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន សម្រេចបានចំនួន ១,៦០៧លានដុល្លារអាម៉េរិក កើនឡើងជាង ២២% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។ ក្រៅពីនេះ កម្ពុជាមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមកពីរដ្ឋបាលខេត្ត និងប្រតិភូមកពីវិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យលទ្ធភាព ក្នុងការទាក់ទាញធុរជនពីតំបន់នោះមកធ្វើធុរកិច្ចនៅកម្ពុជា និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា សម្រាប់អតិថិជនក្នុងតំបន់ និងជំរាបជូនពីគោលនយោបាយ ឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេរភាគីឱ្យកាន់តែប្រសើរឡើង។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា “ទីផ្សារចិន គឺជាទីផ្សារដែលធំជាងគេ ដែលអាចគិតបានថាការនាំចេញរបស់កម្ពុជា ក្រៅពីអ៊ឺរ៉ុប និងអាម៉េរិកគឺជឿជាក់ថា ទីផ្សារចិននេះគឺជាទីផ្សារធំមែនទែន ហើយយើងជឿជាក់ដោយសារមានក្រុមហ៊ុនជាច្រើនកន្លងមកបានចុះមកទស្សនកិច្ចក៏ដូចជាធ្វើការសិក្សាទីផ្សារដើម្បីរកឱកាសវិនិយោគនៅប្រទេសកម្ពុជា”។
បើតាមលោក លី ឃុនថៃ កន្លងមកខាងសមាគមស្បែក សមាគមផលិតផលធ្វើដំណើរ ក៏ដូចជាសហព័ន្ធអ្នកវិនិយោគកម្ពុជា ក៏តែងតែឆ្លៀតឱកាសធ្វើដំណើរទៅបរទេសដើម្បីធ្វើការផ្សព្វផ្សាយ ទាក់ទាញអ្នកវិនិយោគ ដូចសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តែងតែទៅទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា ហើយសមាគមក៏តែងតែធ្វើសកម្មភាពនេះជាបន្តបន្ទាប់ផងដែរ។
សូមជំរាបជូនថា កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមអតីតនិស្សិតមកពីសាកលវីទ្យាល័យអាស៊ី អឺរ៉ុប និងក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ចំនួនប្រមាណ ១,៣០០នាក់ បានជួបជុំអាហារសាមគ្គី ដើម្បីបង្កើតការជួបជុំគ្នារំឭកអនុស្សាវរីយ៍អំឡុងពេលនិស្សិតសិក្សា ថែមទាំងបានចែករំលែកបទពិសោធន៍ការងារល្អៗ ដែលបានជួបប្រទះកន្លងមក ពង្រីកនិងពង្រឹងទំនាក់ទំនងល្អរវាងគ្នានឹងគ្នាដើម្បីកិច្ចសហការកាន់តែជិតស្និត និងការអភិវឌ្ឍអាជីពបន្ថែមទៀត៕ អត្ថបទ ឈិត បូរ៉ាវី





