ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិក គម្រោងស្អាត ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១ ក្រោមទិសស្លោក «ទម្លាប់ថ្មី ទម្លាប់ស្អាត» តាមរយៈប្រព័ន្ធអនឡាញ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសហស្ថាបនិក គម្រោងស្អាត បានថ្លែងថា គម្រោង«ស្អាត» ត្រូវបានបង្កើតឡើងក្នុងគោលបំណងរួម គឺប្រមូលផ្តុំតួអង្គពាក់ព័ន្ធ បង្កើតឲ្យមានសំឡេងតែមួយ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាមួយ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្ជ្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយ ស្តីពី «ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់» ដើម្បីបំផុសការចូលរួមចំណែកទាំងអស់គ្នា ក្នុងការថែទាំ និងលើកកម្ពស់សោភ័ណភាពប្រទេសកម្ពុជា ឲ្យមានភាពប្រសើរឡើង។
ជាការពិតយុទ្ធនាការភ្នំពេញស្អាត បាននឹងកំពុងរួមចំណែកពីអាជ្ញាធរដែនដីមានសមត្ថកិច្ច ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំចូលរួមដោះស្រាយបញ្ហាសំរាម តាមរយៈផែនការសកម្មភាពនានា នៅក្នុងនោះ ក៏មានផងដែរនូវក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត របស់ក្រសួងទេសចរណ៍ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិតិ្តយស យុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំ អនាម័យ និងបរិស្ថានស្អាត នៅតាមបណ្តាគ្រឹះស្ថានអប់រំ ក៏ដូចជាគោលនយោបាយគ្រប់គ្រងសំរាមរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលសុទ្ធសឹងតែជាផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយនឹងលើកកម្ពស់អនាម័យទីក្រុង នឹងជំរុញមេត្រីភាពបរិស្ថាន ដែលក្នុងនោះយើងក៏មិនភ្លេចដែលនៅគោលនយោបាយផ្សព្វផ្សាយពីសំណាក់ក្រសួងព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយបានថែមមួយកម្រិតទៀត។
ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា អំឡុងឆ្នាំ២០២១នេះ ការរស់នៅរបស់មនុស្សជាតិ មិនទាន់អាចត្រឡប់ទៅកាន់ភាពប្រក្រតីពេញលេញភ្លាមៗបាននោះទេ។ ប៉ុន្តែស្ថិតក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ យើងត្រូវរៀនរស់ជាមួយនឹងកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវគន្លងថ្មី ពោលគឺ«ទម្លាប់ថ្មី ទម្លាប់ស្អាត» ដែលជាទិសស្លោកប្រចាំឆ្នាំរបស់យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២១នេះ។
ទិសស្លោកថ្មី គឺជាការវិវត្តន៍ និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ២០២០ គឺស្អាត ជាទម្លាប់ថ្មី ដើម្បីឆ្លើយតបទៅ នឹងហេតុការណ៍បច្ចុប្បន្នដោយក្តោបបញ្ចូលទាំងការឆ្លើយតបទៅលើបញ្ហាកូវីដ-១៩ផង ព្រមទាំងវិស័យអប់រំ អនាម័យ និងបរិស្ថានផងដែរ។
ក្នុងន័យនេះ «ទម្លាប់ថ្មី ទម្លាប់ស្អាត» គឺមិនត្រឹមតែសំដៅដល់ទម្លាប់ក្នុងការគ្រប់គ្រង នឹងទុកដាក់សំរាមឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ។ ក៏ប៉ុន្តែអ្វីដែលលើសពីនេះ គឺការជំរុញ និងការលើកកម្ពស់រស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបវិជ្ជាជីវៈផ្សេងៗប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយ នឹងទម្លាប់ថ្មី។
ភ្ជាប់ជាមួយគ្នានេះដែរ ក្នុងនាមក្រុមការងារប្រតិបតិ្តគម្រោងស្អាត និងក្នុងនាមឯកឧត្តម ផ្ទាល់ សូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាវជ្រៅ នៅកិច្ចខិតខំប្រឹងប្រែង និងស្មារតីបុរេសកម្មនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងការដឹកនាំចាត់ចែងប្រតិបតិ្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនកម្ពុជា ក៏ដូចជាបុគ្គលិក នឹងសញ្ជាតិផ្សេងៗ ដែលរស់នៅក្នុងប្រទេសកម្ពុជា តាំងពីវ័យកុមារ ដល់មនុស្សចាស់។ ជាការពិត ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺជាមធ្យោបាយដែលមានប្រសិទ្ធភាពមួយ ក្នុងចំណោមវិធីសាស្ត្រដទៃទៀត ដែលបង្កើតអង្គបដិបក្សក្នុងខ្លួនប្រាណ និងចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលក្នុងសហគមន៍។
យ៉ាងណាម៉ិញបេសកកម្មប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលជាសត្រូវលាក់មុខរបស់យើង មិនអាចជោគជ័យទាំងស្រុងបានទេ លុះត្រាតែមនុស្សគ្រប់រូបប្រកាន់ខ្ជាប់គោលការណ៍អនាម័យ វិធានការ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល សេចកី្តណែនាំរបស់ក្រសួងសុខាភិបាល សេចកី្តសម្រេច និងវិធានការប្រតិបតិ្តរបស់អាជ្ញាធរដែនដី ជាពិសេសការប្រកាន់ខ្ជាប់នូវស្មារតីការពារ ថែរក្សាបរិស្ថានជុំវិញខ្លួន ឲ្យបានស្អាត តាមរយៈការទុកដាក់សំរាម ដែលជាប្រភពមេរោគ នឹងកាកសំណល់កខ្វក់ឲ្យបានត្រឹមត្រូវដែលជាគោលដៅនាំមុខរបស់គម្រោងស្អាត ឆ្នាំ២០១៧ មកដល់ថ្ងៃនេះ។
បើតាមលោក ហៃ ភិរម្យ សហស្ថាបនិក នៃគម្រោងភ្នំពេញស្អាត បានឲ្យដឹងដែរថា ក្នុងឆ្នាំនេះ យុទ្ធនាការភ្នំពេញស្អាត នៅតែឈរលើបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ គឺ «ទម្លាប់ថ្មី ទម្លាប់ស្អាត» ដែលឈរលើមូលដ្ឋានបន្តលើកទឹកចិត្តឲ្យមនុស្សយុគសម័យថ្មីប្រតិបតិ្តនូវគោលការណ៍សុវតិ្ថភាព និងអនាម័យ ជាពិសេសស្មារតី លើកកម្ពស់ ជំរុញមេត្រីភាពបរិស្ថាន ពោលគឺ ការទុកដាក់ និងគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។ «ទម្លាប់ថ្មី ទម្លាប់ស្អាត» មិនត្រឹមតែសំដៅដល់ទម្លាប់ក្នុងការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលលើសពីនេះ គឺបំផុសគំនិត ការរស់នៅដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបរបរវិជ្ជាជីវៈផ្សេងៗប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយទម្លាប់ថ្មី។
ជាមួយគ្នានោះដែរ លោកស្រី ហេង ធីតា សហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត បានលើកឡើងដែរថា គម្រោងស្អាត បង្កើតឡើងដោយសហស្ថាបនិក៦រូប ដែលមានឯកឧត្តម ហ៊ុន ម៉ានី, លោកជំទាវ ទេព កុលាប, លោកស្រី ជា សុផល្លា, លោក ជី សិលា, លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា។ ក្នុងនោះនៅក្នុងឆ្នាំ២០១៧ គម្រោង «ស្អាត» បានបង្ហាញខ្លួនជាលើកដំបូង តាមរយៈយុទ្ធនាការភ្នំពេញស្អាត និងបានពង្រីកវិសាលភាពក្នុងឆ្នាំ២០១៩ តាមរយៈការអនុញ្ញាតបង្កើតយុទ្ធការ «កំពតស្អាត» ផងដែរ។
និយាយដោយឡែក ឯកឧត្តម សាយ សំអាល រដ្ឋមន្រី្តក្រសួងបរិស្ថាន បានចាត់ទុកថាគម្រោងស្អាតនេះ ជាដៃគូដ៏សំខាន់ ដែលបានបំពេញនូវការងារ និងចូលរួមផ្សព្វផ្សាយលើកកម្ពស់ ការទុកដាក់សំរាម ការកាត់បន្ថយសំរាម ហើយសំរាមជាបញ្ហាសង្គមមួយដែលយើងត្រូវដោះស្រាយ ព្រោះយើងបានដើរមកឆ្ងាយហើយ។ ដូច្នេះការរៀនរស់នៅស្អាត វាសំខាន់ណាស់៕ អត្ថបទ៖ រដ្ឋា