រដ្ឋាភិបាលថ្មីរបស់ប្រទេសរូម៉ានី ដឹកនាំដោយនាយករដ្ឋមន្ត្រីកំពុងកាន់តំណែង លោក Marcel Ciolacu បានស្បថចូលកាន់តំណែង កាលពីថ្ងៃចន្ទ ភ្លាមៗបន្ទាប់ពីទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅក្នុងសភា។

រដ្ឋាភិបាលចម្រុះគាំទ្រសហភាពអឺរ៉ុប ដែលរួមមានគណបក្សសង្គមប្រជាធិបតេយ្យ (PSD) គណបក្សសេរីភាពជាតិ (PNL) សហភាពប្រជាធិបតេយ្យហុងគ្រីនៃរូម៉ានី(UDMR) និងជនជាតិភាគតិច បានបិទបញ្ចប់ភាពមិនច្បាស់លាស់ផ្នែកនយោបាយ រយៈពេល១ខែ។
ប្រធានាធិបតី លោក Klaus Iohannis បាននិយាយបន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅវិមានប្រធានាធិបតី Cotroceni ថា «ខ្ញុំ សុំឱ្យអ្នក ទទួលបានជោគជ័យសម្រាប់ប្រទេសរូម៉ានី និងសម្រាប់ប្រជាជនរ៉ូម៉ានី»។

លោក Iohannis បានលើកឡើងពីបញ្ហាប្រឈមធំៗពីរសម្រាប់រដ្ឋាភិបាលថ្មីមាន ការត្រៀមថវិកាឆ្នាំ ២០២៥ដែលមានភាពស្មុគស្មាញ និងការកំណត់ប្រតិទិនបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតី។
ទោះបីជាមានការលំបាកនៅពេលខាងមុខក៏ដោយ លោក Ciolacu បានបង្ហាញពីទំនុកចិត្តលើសក្តានុពលរបស់រដ្ឋាភិបាលលោក។ ដោយបាននិយាយថា លោកទុកចិត្តគ្រប់សមាជិកទាំងអស់របស់ក្រុមលោក។ លោក Ciolacu ដែលជាអ្នកដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យ (PSD) បាននិយាយថា សមាជិកទាំងអស់គឺជាអ្នកដែលមានបទពិសោធន៍ដ៏អស្ចារ្យ និងជំនាញវិជ្ជាជីវៈដ៏រឹងមាំ។