ប៉ុន្មានថ្ងៃបន្ទាប់ពីបុរសម្នាក់បើករថយន្តមួយគ្រឿងបំបុកឱ្យមនុស្ស ៥នាក់ស្លាប់ និងរាប់រយនាក់របួស នៅផ្សារណូអែល ភាគខាងកើតអាល្លឺម៉ង់ ការអំពាវនាវឱ្យមានសាមគ្គីភាព បានបើកផ្លូវនៃភាពតានតឹងនយោបាយកាន់តែខ្លាំងនៅថ្ងៃចន្ទ (២៣ ធ្នូ) ខណៈសំណួរបានកើនឡើងពីអសមត្ថភាពរបស់អាជ្ញាធរក្នុងការទប់ស្កាត់ឧបទ្ទវហេតុនោះ។

នគរបាលកំពុងឃុំខ្លួនជនភៀសខ្លួនអារ៉ាប៊ីសាអូឌីតម្នាក់ជាវេជ្ជបណ្ឌិតអាយុ ៥០ឆ្នាំ ដែលពួកគេនិយាយថាបានធ្វើការវាយប្រហារ ហើយបានរស់នៅក្នុងអាល្លឺម៉ង់ ជិតពីរទសវត្សរ៍មកហើយ។

ទោះយ៉ាងណាក៏ដោយ ការសម្លាប់នៅក្នុងទីក្រុង ម៉ែកដិនប៊ើក (Magdeburg) ភាគខាងកើត បាននាំមកនូវក្តីបារម្ភជាថ្មីពីអន្តោប្រវេសន៍ និងសន្តិសុខ ជាមួយនឹងមេដឹកនាំនយោបាយ ប្រឹងប្រែងទប់ទល់ភាពក្តៅគគុកទាំងនោះមុនការបោះឆ្នោតមុនអាណត្តិ ដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំក្រោយ។

ទោះបីមានការអំពាវនាវមិនឱ្យប្រើប្រាស់ការវាយប្រហារនេះក្នុងគោលបំណងនយោបាយក៏ដោយ ក៏ការរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ រួមទាំងពីលោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ផងដែរ បានកើនឡើងពីគ្រប់ភាគីទាំងអស់។ ភាពរង្គោះរង្គើនេះ ហាក់បន្ថែមលើភាពស្រពេចស្រពិលនៅអាល្លឺម៉ង់ ក្រោយការដួលរលំរដ្ឋាភិបាល បន្ទាប់ពីលោកអធិការបតី អូឡាហ្វ សូស (Olaf Scholz) ចាញ់ការបោះឆ្នោតផ្ដល់សេចក្ដីចិត្តនៅក្នុងសភាកាលពីសប្តាហ៍មុន៕