លទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោក មើលទៅហាក់មានស្នាមរបួសពីការប៉ះទង្គិចនានាប៉ុន្តែនៅតែរឹងមាំ ខណៈឆ្នាំ២០២៥ ដែលពោរពេញដោយភាពមិនប្រាកដប្រជា ឈានមកដល់។

ក្នុងឆ្នាំ២០២៤ នេះ ដែលប្រទេសតំណាងឱ្យស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកធ្វើការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យបានស៊ូទ្រាំនឹងអំពើហិង្សា និងការបំភិតបំភ័យធំៗ ប៉ុន្តែក៏មានភាពធន់ផងដែរ។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតពីរលើក ហើយបើទោះជាមានការភ័យខ្លាចពីចលាចលក៏ដោយ ក៏លោកបានឈ្នះកៅអីសេតវិមានមកវិញ ហើយការផ្លាស់ប្តូរអំណាចដោយសន្តិវិធីនឹងកើតឡើងនៅខែមករា។

ម៉ិកស៊ិក មើលឃើញការបោះឆ្នោតដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួនជាមួយនឹងបេក្ខជនចំនួន ៣៧នាក់ត្រូវបានគេធ្វើឃាត ប៉ុន្តែបានបន្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្ត្រីដំបូងរបស់ខ្លួនគឺលោកស្រី Claudia Sheinbaum។
នៅទូទាំងទ្វីបចំនួន៤ មេដឹកនាំដែលកំពុងកាន់អំណាច ត្រូវបានទម្លាក់ពីតំណែងក្នុងការបោះឆ្នោតដែលតែងតែបង្កឱ្យមានអំពើហិង្សា ប៉ុន្តែទីបំផុតក៏សម្រេចបាននូវមុខងារសំខាន់នៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន គឺការផ្ទេរអំណាចប្រកបដោយសណ្តាប់ធ្នាប់ស្របតាមការចង់បានរបស់អ្នកបោះឆ្នោត៕