ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ (២៣ ធ្នូ) បានប្តេជ្ញាថានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក លើឧស្សាហកម្មបន្ទះឈីបពាក់កណ្ដាលចម្លងរបស់ចិន។

ក្រសួងលើកឡើងថា សម្រាប់គោលបំណងទប់ស្កាត់ចិន និងបំពេញតម្រូវការនយោបាយរបស់ខ្លួននៅក្នុងស្រុក សហរដ្ឋអាមេរិកបានប្រកាសពីការស៊ើបអង្កេតថ្មីមាត្រា៣០១ ដែលនឹងបង្អាក់ និងបង្ខូចខ្សែច្រង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ឈីបសកល រួមទាំងប៉ះពាល់ដល់ផលប្រយោជន៍របស់អាជីវកម្ម និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកផងដែរ។

រដ្ឋបាលអាមេរិក កាលពីថ្ងៃចន្ទ បានប្រកាសបើកការស៊ើបអង្កេតពាណិជ្ជកម្មនៅនាទីចុងក្រោយលើបន្ទះឈីបពាក់កណ្ដាលចម្លង "ដ៏ចំណាស់" ផលិតនៅចិន ជាជំហានមួយដែលអាចដំឡើងពន្ធអាមេរិកបន្ថែមទៀតលើបន្ទះឈីបពីទីក្រុងប៉េកាំង ដែលផ្តល់ថាមពលដល់របស់របរប្រចាំថ្ងៃចាប់ពីរថយន្ត ម៉ាស៊ីនបោកគក់ រហូតដល់ឧបករណ៍ទូរគមនាគមន៍។
ក្រសួងពាណិជ្ជកម្មចិន បន្ថែមថា ការស៊ើបអង្កេតនេះគឺជា "ភាពគាំពារនិយម" ហើយនឹងធ្វើឱ្យប៉ះពាល់ដល់គ្រប់ភាគី ដោយព្រមានថាវិធានការតបតរបស់ទីក្រុងប៉េកាំង នឹង "ខ្លាំងក្លាពិបាកទប់ទល់"៕
