សមាជិក គណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឡេ ហាយជុង (Le Haoi Trung) បានអបអរសាទរចំពោះសមិទ្ធផលធំៗ ដែលកម្ពុជាសម្រេចបាន និងបានធ្វើឲ្យកម្ពុជាកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ក្រោមការដឹកនំារបស់គណបក្សប្រជាជនកម្ពុជានោះ។
ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា លោក ឡេ ហាយជុង «បានអបអរសាទរចំពោះសមិទ្ធផលធំៗដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ព្រមទាំងកិត្យានុភាពរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ»។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍និង ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នឹងចូលរួមចំណែកពូនជ្រុំនូវទំនាក់ទំនងដ៏ល្អ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្ស និងប្រទេសទាំងពីរឱ្យឡើងមួយកម្រិតទៀត។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ឱ្យឃើញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងស្មារតី «ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» និងការជឿជាក់ទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។
សម្ដេចតេជោ ក៏បានមានប្រសាសន៍បន្ថែមថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះឱ្យមានភាពរឹងមាំជារៀងរហូតមក។ សម្ដេចជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម តូ ឡឹម ជាប្រមុខប្រទេសវៀតណាម នឹងសម្រេចបាននូវគោលដៅ «ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥ »៕ អត្ថបទបាន ចក់




