នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បាននិយាយថា លោកបានបញ្ជាឲ្យយោធារបស់ប្រទេសនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីក្រុមនៅប្រទេសយេម៉ែន បានបាញ់មីស៊ីល ទៅលើអ៊ីស្រាអែល កាលពីសប្តាហ៍មុន។

លោក ណេតាន់យ៉ាហ៊ូ (Netanyahu) បានថ្លែងប្រាប់សភាអ៊ីស្រាអែលថា៖«ខ្ញុំបានណែនាំកងកម្លាំងរបស់យើង ឲ្យកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ួទី ពីព្រោះអ្នកណាដែលព្យាយាមធ្វើបាបយើង នឹងត្រូវរងការវាយប្រហារដោយកម្លាំងយ៉ាងពេញលេញ។ យើងនឹងបន្តបំផ្លាញកម្លាំងនៃអំពើអាក្រក់ដោយកម្លាំង និងភាពប៉ិនប្រសប់ ទោះបីជាវាត្រូវការពេលវេលាយូរយ៉ាងណាក៏ដោយ»។

លោកបានបន្ថែមថា ការរីកចម្រើន ត្រូវបានធ្វើឡើងក្នុងការចរចាដោះលែងចំណាប់ថ្នូរដែលកំពុងបន្តជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ប៉ុន្តែលោកមិនដឹងថា ត្រូវចំណាយពេលយូរប៉ុនណា ដើម្បីដឹងលទ្ធផល។
ក្នុងអំឡុងពេលសុន្ទរកថានៅក្នុងសភារបស់អ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រា អែល បានសម្រេច«សមិទ្ធផលដ៏អស្ចារ្យ»ខាងផ្នែកយោធា នៅលើជួរមុខជាច្រើន ហើយថា សម្ពាធយោធាលើក្រុមហាម៉ាស បានធ្វើឲ្យមេដឹកនាំរបស់ខ្លួន បន្ធូរបន្ថយការទាមទារពីមុនរបស់ពួកគេ។