បាល់ទាត់៖ Manchester City បានបន្តចាប់ផ្ដើមរដូវកាលថ្មីក្របខណ្ឌ UEFA Champions League របស់ខ្លួនល្អឥតខ្ចោះក្រោយឈ្នះពីរប្រកួតជាប់គ្នា បន្ទាប់ពីយកឈ្នះនៅទឹកដី Marseille ៣–០ យប់មិញទោះអវត្តមានខ្សែប្រយុទ្ធជួរមុខទាំងពីរ Sergio Aguero និង Gabriel Jesus ក៏ដោយ។
ក្រុមរបស់លោក Pep Guardiola បានបើកការនាំមុខតាំងពីនាទីទី១៨ ដោយខ្សែប្រយុទ្ធទិញពី Valencia, Ferran Torres។ ក្រុមភ្ញៀវបន្តរកបានពីរគ្រាប់ទៀតនៅវគ្គទី២ ដោយ Ilkay Gundogan នាទីទី៧៦ និង Raheem Sterling នាទីទី៨១។
ជ័យជំនះនេះមានន័យថា Manchester City លេង ២ប្រកួតឈ្នះទាំងពីរមាន ៦ពិន្ទុពេញឈរលើគេក្នុងពូល C ខណៈ Porto រកបាន ៣ពិន្ទុដំបូងក្រោយឈ្នះក្រុមភ្ញៀវក្រិក Olympiakos ៣–០ យប់មិញ។ ចំណែកក្រុមបារាំង Marseille ឈរបាតតារាងគ្មានពិន្ទុរាប់ឡើយ។ ប្រកួតបន្ទាប់របស់ Manchester City គឺត្រូវទទួលភ្ញៀវក្រិក Olympiakos នៅថ្ងៃអង្គារ ទី៣ ខែក្រោយ៕
អត្ថបទ៖នាង សុភាវុធ

