អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសចេញនូវសេចក្តីជូនដំណឹង ស្តីពីការអនុវត្តដកបណ្ណបើកបរយានយន្តដែលអស់ពន្ទុ ឬពិន្ទុសូន្យ ចាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ ដោយអង្គភាពនគរបាលចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ខណៈបណ្ណបើកបរដែលពិន្ទុសល់សូន្យមានចំនួន ១២៣២បណ្ណ។
ក្នុងសេចក្តីជូនដំណឹង អគ្គស្នងការនគរបាលជាតិ ក៏សំណូមពរដល់ម្ចាស់យានយន្តដែលមានបណ្ណបើកបរជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមរយៈហ្វេសប៊ុកឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងការអនុវត្តការដកពិន្ទុបណ្ណបើកបរចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មកទល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នគរបាលចរាចរណ៍បានអនុវត្តដកពិន្ទុបណ្ណបើកបរសរុបចំនួន ៧៤៥០៤ករណី។ ក្នុងនោះបណ្ណបើកបរមានពិន្ទុសល់សូន្យចំនួន ១២៣២ករណី។
ឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៃការអនុវត្តការដកពិន្ទុ មណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ទទួលបានការស្នើសុំពីប្រជាពលរដ្ឋក្នុងការបណ្តុះបណ្តាលដើម្បីបន្ថែមពិន្ទុ និងប្រឡងយកបណ្ណបើកបរសារជាថ្មីឡើងវិញនៅឡើយ។
