ស្ត្រីរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុង Qamishli ភាគឦសានប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដើម្បីទាមទារឲ្យមេដឹកនាំឥស្លាមនិយមថ្មី នៅទីក្រុងដាម៉ាស (Damascus) គោរពសិទ្ធិស្ត្រី និងថ្កោលទោសយុទ្ធនាការយោធាដែលគាំទ្រដោយទួរគី នៅក្នុងតំបន់ដែលដឹកនាំដោយជនជាតិឃើដ នៅភាគខាងជើង។
អ្នកតវ៉ាជាច្រើននាក់ បានគ្រវីទង់ជាតិពណ៌បៃតងនៃអង្គភាពការពារស្ត្រី (YPJ) ដែលជាសាខានៃកងជីវពលរបស់អង្គភាពការពារប្រជាជនឃើដ(YPG) ដែលទួរគីចាត់ទុកថា ជាការគំរាមកំហែងសន្តិសុខជាតិ ហើយចង់រំលាយចោលភ្លាមៗ។
លោក Sawsan Hussein សកម្មជនសិទ្ធិស្ត្រី បាននិយាយថា៖«យើងកំពុងទាមទារសិទ្ធិស្ត្រីពីរដ្ឋថ្មី ... ហើយស្ត្រីមិនត្រូវដកចេញពីសិទ្ធិ នៅក្នុងប្រព័ន្ធនេះទេ»។
«យើង (ក៏) ថ្កោលទោសការវាយប្រហារនៃការកាន់កាប់របស់ទួរគីប្រឆាំងនឹងទីក្រុង Kobani»។
ក្រុមឃឺដ បានរីករាយនឹងស្វ័យភាពនៅទូទាំងភាគខាងជើង ចាប់តាំងពីសង្គ្រាមស៊ីវិលស៊ីរី បានចាប់ផ្តើមក្នុងឆ្នាំ ២០១១។ កងជីវពលឃើដ YPG ដែលដឹកនាំក្រុមប្រដាប់អាវុធកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិក គឺជាកម្លាំងដ៏សំខាន់ នៅក្នុងតំបន់។
ប៉ុន្តែតុល្យភាពអំណាចនៅក្នុងប្រទេសស៊ីរី បានផ្លាស់ប្តូរឆ្ងាយពីក្រុមទាំងនេះ ចាប់តាំងពីក្រុមឥស្លាមនិយម Hayat Tahrir Al-Sham (HTS) បានវាយលុកចូលទីក្រុងដាម៉ាស( Damascus)និងបានផ្តួលរំលំ លោក បាសា អាល់-អាសាដ (Bashar Assad) កាលពីពីរសប្តាហ៍មុន ដោយបានបង្កើតរដ្ឋបាលថ្មីជាដែលមានភាពជិតស្និទ្ធ ជាមួយយទីក្រុងអង់ការ៉ា។