ប្រជាជនប៉ាឡេស្ទីនដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បានផ្តួចផ្តើមវិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនប្រេងយក្សរបស់អង់គ្លេស BP ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះ មានជាប់ពាក់ព័ន្ធ ក្នុងការផ្គត់ផ្គង់ប្រេងឆៅដល់អ៊ីស្រាអែល ជួយសម្រួលដល់ការរំលោភសិទ្ធិមនុស្ស។
សារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃចន្ទថា អ្នកតវ៉ាទាមទារសំណង បានដាក់លិខិតជូនដំណឹងផ្លូវច្បាប់ ដោយចោទប្រកាន់ក្រុមហ៊ុនថា បានរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងគោលនយោបាយសាជីវកម្មផ្ទាល់ខ្លួន។
ចំណុចសំខាន់នៃជម្លោះនេះ គឺបំពង់បង្ហូរប្រេង Baku-Tbilisi-Ceyhan ដែលដំណើរការដោយក្រុមហ៊ុន BP ដែលបង្ហូរប្រេងពីប្រទេសអាស៊ែរបៃហ្សង់ ឆ្លងកាត់ហ្ស៊កហ្ស៊ី និងទួរគី ទៅកាន់អ៊ីស្រាអែល។ ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា បានផ្គត់ផ្គង់ ២៨ ភាគរយនៃប្រេងឆៅរបស់អ៊ីស្រាអែល ដែលជាធនធានដ៏សំខាន់សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន។
យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា ប្រេងចម្រាញ់ចេញពីបំពង់បង្ហូរប្រេងនេះ កំពុងត្រូវបានប្រើប្រាស់សម្រាប់ចាក់យន្តហោះ រថក្រោះ និងគ្រឿងចក្រឈូសឆាយ។
សេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា៖«អ៊ីស្រាអែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឆៅ និងប្រេងចម្រាញ់រួច ដើម្បីដំណើរការយន្តហោះចម្បាំង រថក្រោះ និងយានជំនិះ និងប្រតិបត្តិការយោធាដទៃទៀត ព្រមទាំងគ្រឿងចក្រឈូសឆាយ ដែលពាក់ព័ន្ធក្នុងការឈូសឆាយផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន និងចម្ការអូលីវ ដើម្បីបើកផ្លូវសម្រាប់ការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល»។