សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីតាលី បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់ប្រទេស កាលពីថ្ងៃចន្ទ (ទី២៣ ខែធ្នូ) បានអនុម័តក្រឹត្យច្បាប់ដែលអនុញ្ញាតឲ្យបន្តការផ្គត់ផ្គង់រហូតដល់ដំណាច់ឆ្នាំ២០២៥ នូវ «មធ្យោបាយ សម្ភារៈ និងគ្រឿងយុទ្ធោបករណ៍» ដល់ប្រទេសអ៊ុយក្រែន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ អ៊ីតាលីបានអនុម័តកញ្ចប់ជំនួយយោធាចំនួន ១០ដងមកហើយ សម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដោយក្នុងនោះរួមទាំងការផ្ដល់នូវប្រព័ន្ធការពារដែនអាកាសបារាំង-អ៊ីតាលីចំនួន ២គ្រឿង ដែលត្រូវបានគេស្គាល់ថា SAMP/T។
លោកស្រី Giorgia Meloni គឺជាអ្នកគាំទ្រទីក្រុងគីវ ចាប់តាំងពីចូលកាន់តំណែង នៅចុងឆ្នាំ២០២២ ហើយបានប្តេជ្ញាគាំទ្រអ៊ុយក្រែនរហូតដល់សង្រ្គាម ត្រូវបានបញ្ចប់ ចំពេលមានភាពមិនច្បាស់លាស់អំពីជំហរនាពេលខាងមុខរបស់សហរដ្ឋអាមេរិក នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ឡើងអង្គុយកៅអីសេតវិមានផ្លូវការ ក្នុងខែមករា។
ជាមួយគ្នានេះដែរ នៅក្រោមអាណត្តិប្រធានរបស់ប្រទេសអ៊ីតាលី នាឆ្នាំនេះ ក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំងប្រាំ៧ (G7) បានប្ដេជ្ញាម្តងហើយម្តងទៀតផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ថ្កោលទោសសង្រ្គាមលុកលុយរបស់រុស្ស៊ី និងបានសន្យាផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ សម្រាប់ទីក្រុងគីវ ដែលគាំទ្រដោយទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។
កាលពីថ្ងៃអង្គារសប្ដាហ៍មុន ប្រមុខអង្គការណាតូ លោក Mark Rutte បានជំរុញឲ្យសមាជិកនៃសម្ព័ន្ធមិត្តយោធាបង្កើនជំនួយយោធា សម្រាប់អ៊ុយក្រែន ដើម្បីពង្រឹងជំហររបស់ប្រទេសនេះ ប្រសិនបើទីក្រុងគីវ ត្រូវចូលតុចរចាសន្តិភាពជាមួយរុស្ស៊ី៕