ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសម្តែងការគាំទ្រ ចំពោះរដ្ឋាភិបាលរបស់ប៉ាណាម៉ា កាលពីថ្ងៃចន្ទ (ទី២៣ ខែធ្នូ) បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានធ្វើការគំរាម ដើម្បីអះអាងឡើងវិញនូវការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើព្រែកជីកប៉ាណាម៉ា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។
នៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់លោកស្រី នាពេលព្រឹក លោកស្រី Sheinbaum បានលើកឡើងថា៖ «ជាការពិត ព្រែកជីកប៉ាណាម៉ា ជាកម្មសិទ្ធិរបស់ប្រជាជនប៉ាណាម៉ា»។
ការអត្ថាធិប្បាយរបស់លោកស្រី Sheinbaum បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Trump បានចោទប្រកាន់ប្រទេសប៉ាណាម៉ាពីការគិតថ្លៃសេវាលើសកម្រិត ដើម្បីបានប្រើប្រាស់ផ្លូវនៅអាមេរិកកណ្តាលមួយនេះ ខណៈលោកកំពុងនិយាយទៅកាន់អ្នកគាំទ្រ នៅរដ្ឋ Arizona។ បន្ទាប់ពីព្រឹត្តិការណ៍នោះ លោកបានបង្ហោះរូបភាពមួយនៅលើបណ្តាញសង្គម Truth Social ដែលមានទង់ជាតិអាមេរិកហោះនៅពីលើសណ្ឋានផ្លូវទឹកដ៏តូចចង្អៀតមួយ ដោយភ្ជាប់ជាមួយនឹងពាក្យថា «សូមស្វាគមន៍មកកាន់ព្រែកជីកសហរដ្ឋអាមេរិក!»
ការអត្ថាធិប្បាយរបស់លោក Trump គឺជាគំរូដ៏កម្រកើតមានរបស់មេដឹកនាំសហរដ្ឋអាមេរិកដែលនិយាយថា អាចជំរុញប្រទេសអធិបតេយ្យមួយព្រមប្រគល់ទឹកដីឲ្យ។ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានថ្កោលទោសភ្លាមៗមួយរំពេច ចំពោះការលើកឡើងរបស់លោក Trump។
តាមរយៈសេចក្តីថ្លែងការណ៍មួយចេញផ្សាយ នៅលើបណ្ដាញ X លោក Mulino បានរៀបរាប់ថា៖ «ព្រែកជីកប៉ាណាម៉ាគ្រប់ម៉ែត្រការ៉េ និងតំបន់ជុំវិញនោះ ជាកម្មសិទ្ធិរបស់ប៉ាណាម៉ា ហើយនឹងបន្តជាកម្មសិទ្ធិរបស់ប៉ាណាម៉ាជារៀងរហូត»៕