អ្នកនាំពាក្យសេតវិមាន បានប្រាប់ឲ្យដឹងថា សំណើដេញថ្លៃ ១៥ពាន់លានដុល្លាររបស់ក្រុមហ៊ុន Nippon Steel របស់ជប៉ុន ដើម្បីទិញយកក្រុមហ៊ុនដែកថែប US Steel របស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅប្រធានាធិបតីអាមេរិក លោក Joe Biden ហើយ ដោយទុករយៈពេលឲ្យលោក ១៥ថ្ងៃ ដើម្បីសម្រេចលើដំណើរការទិញដូរដែលលោកធ្លាប់បាននិយាយថា លោកត្រូវរារាំង។
គណៈកម្មាធិការវិនិយោគបរទេស នៅសហរដ្ឋអាមេរិក (CFIUS) ដែលត្រួតពិនិត្យការវិនិយោគបរទេស នៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងហានិភ័យសន្តិសុខជាតិ បានបង្វែរការដេញថ្លៃនេះទៅលោក Biden បន្ទាប់ពីដំណើរការមិនអាចឈានដល់ការឯកភាពមួយ។
អ្នកនាំពាក្យសេតវិមាន បានប្រាប់ថា «យើងបានទទួលការវាយតម្លៃរបស់ CFIUS ហើយលោកប្រធានាធិបតីនឹងពិនិត្យមើលដំណើរការនេះ»។ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដែលគ្រោងនឹងចូលកាន់តំណែងវិញ នៅថ្ងៃទី២០ ខែមករា ក៏បានប្រឆាំងនឹងកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសជាលើកដំបូង ក្នុងខែធ្នូ ឆ្នាំ២០២៣។
Nippon Steel បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២៤ ខែធ្នូ) នេះថា ក្រុមហ៊ុនត្រូវបានជូនដំណឹងអំពីលិខិតរបស់ CFIUS។ ក្រុមហ៊ុន Nippon Steel បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងជំរុញឲ្យគាត់ (លោក Biden) ពិចារណាពីរយៈពេលដ៏អស្ចារ្យដែលយើងបានដោះស្រាយរាល់កង្វល់សន្តិសុខជាតិដែលត្រូវបានលើកឡើង និងការប្តេជ្ញាចិត្តធំៗដែលយើងបានធ្វើ ដើម្បីធ្វើឲ្យដែកថែបរបស់សហរដ្ឋអាមេរិកកាន់តែរីកចម្រើន»។
ទាំងក្រុមហ៊ុន Nippon Steel និង US Steel បានឲ្យដឹងនៅមុននេះថា ក្រុមហ៊ុនទាំង២ មានគម្រោងបិទបញ្ចប់កិច្ចព្រមព្រៀងនេះ នៅមុនដំណាច់ឆ្នាំ២០២៤ នេះ៕