សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ (ទី២៣ ខែធ្នូ) បានរិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល ២៥នាក់ ពាក់ព័ន្ធនឹងការបង្កអំពើហិង្សាលើមូលដ្ឋានយោធា ក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ។
ជនស៊ីវិលទាំងនោះត្រូវបានតុលាការយោធាប៉ាគីស្ថានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពី ២ ទៅ ១០ឆ្នាំ ជាសេចក្តីសម្រេច ដែលបញ្ជាក់ពីការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្ររបស់លោក Khan ដែលថាតុលាការយោធា នឹងដើរតួនាទីធំជាង នៅក្នុងករណីទាក់ទងនឹងអតីតមេដឹកនាំរបស់ប្រទេសនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន «មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលជនស៊ីវិលប៉ាគីស្ថាន ត្រូវបានកាត់ទោសដោយតុលាការយោធា ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងការតវ៉ា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣»។
ហើយការិយាល័យបរទេសរបស់រដ្ឋាភិបាលអង់គ្លេស បានបន្ថែមពីលើនោះថា «ការកាត់ទោសជនស៊ីវិល នៅក្នុងតុលាការយោធា ខ្វះតម្លាភាព មិនមានការត្រួតពិនិត្យឯករាជ្យ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌»។ មិនខុសគ្នា សហភាពអឺរ៉ុប (EU) បានលើកឡើងថា ការកាត់ទោសនេះគឺ «មិនស្របនឹងកាតព្វកិច្ចដែលប៉ាគីស្ថានបានអនុវត្តក្រោមកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» នោះឡើយ។
អ្នកគាំទ្ររបស់លោក Khan បានចូលលុកលុយទីតាំងយោធា ដើម្បីតវ៉ាជំទាស់នឹងការចាប់ខ្លួនរូបលោក ដោយទាហានប៉ារ៉ា។ ហើយសេចក្តីសម្រេចកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Khan ត្រូវបានចោទប្រកាន់ដោយតុលាការប្រឆាំងអំពើភេរវកម្ម។ ក្រោយត្រូវបានចាប់ខ្លួន ក្នុងខែឧសភា ឆ្នាំ២០២៣ លោក Khan ត្រូវបានដោះលែងរយៈពេលខ្លី មុនពេលត្រូវបានចាប់ខ្លួនម្តងទៀតនៅខែសីហាឆ្នាំនោះ ហើយលោកបានជាប់ពន្ធនាគារ ចាប់តាំងពីពេលនោះមក។ លោកបានប្រឈមនឹងសំណុំរឿងជាច្រើន ចាប់តាំងពីលោកត្រូវបានទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ២០២២៕