អ្នកនាំពាក្យរបស់គណបក្ស បានប្រាប់ឲ្យដឹងថា គណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង នឹងដាក់សំណើច្បាប់ ដើម្បីចោទប្រកាន់ប្រធានាធិបតីស្តីទី លោក Han Duck-soo នៅថ្ងៃអង្គារ (ទី២៤ ខែធ្នូ) នេះ ដោយការសម្រេចនេះបង្កើនហានិភ័យនៃការមានភាពមិនច្បាស់លាស់ផ្នែកនយោបាយបន្ថែមទៀត នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី។
ចំណាត់ការនេះធ្វើឡើង ក្នុងពេលដែលប្រទេសនេះ នៅតែមិនទាន់មានស្ថានភាពនឹងនរ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ ដែលលោកបានស្តីបន្ទោសមួយផ្នែកទៅលើទំនោររបស់បក្សប្រឆាំង ក្នុងការចោទប្រកាន់មន្ត្រីរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ (DP) លោក Yoon Jong-kun បាននិយាយនៅថ្ងៃអង្គារនេះថា សេចក្ដីស្នើច្បាប់ដែលដាក់រួចហើយ ត្រូវបានរំពឹងថា នឹងត្រូវបានលើកយកមកបង្ហាញក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃព្រហស្បតិ៍។
នៅពេលដែលសេចក្តីព្រាងច្បាប់ចោទប្រកាន់ ត្រូវបានលើកយកមកបង្ហាញនៅក្នុងសម័យប្រជុំពេញអង្គនោះ ច្បាប់នោះត្រូវតែទទួលបានការបោះឆ្នោតក្នុងរយៈពេលពី ២៤ ទៅ ៧២ម៉ោង។ ហើយបើយោងតាមច្បាប់របស់កូរ៉េខាងត្បូង បានកំណត់ថា ប្រសិនបើលោក Han ត្រូវបានសភាបោះឆ្នោតចោទប្រកាន់នោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងស្ថិតក្នុងតួនាទីបន្ទាប់ ដើម្បីដឹកនាំរដ្ឋាភិបាល ក្នុងនាមជាប្រធានាធិបតីស្តីទី។
គណបក្ស DP ដែលមានសំឡេងភាគច្រើន នៅក្នុងសភា កំពុងចាត់វិធានការ បន្ទាប់ពីលោក Han បានពន្យារពេលអនុម័តច្បាប់ ដើម្បីបើកការស៊ើបអង្កេតពិសេស ជុំវិញកិច្ចប្រឹងប្រែងមិនជោគជ័យរបស់លោកប្រធានាធិបតី Yoon ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក។
លោកនាយករដ្ឋមន្ត្រី Han បានចូលកាន់តំណែងជំនួសលោកប្រធានាធិបតីដែលត្រូវបានព្យួរតំណែង លោក Yoon ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃទី១៤ ខែធ្នូ ហើយប្រឈមនឹងការពិនិត្យរបស់តុលាការធម្មនុញ្ញ ជុំវិញថា តើត្រូវបញ្ចប់តំណែងរបស់លោក ឬផ្ដល់អំណាចឲ្យលោកវិញ៕