ក្រសួងការបរទេសចិនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងជួបពិភាក្សាជាមួយសមភាគីជប៉ុន លោក Takeshi Iwaya នៅទីក្រុងប៉េកាំង នាថ្ងៃពុធ (ទី២៥ ខែធ្នូ) ជាពេលដែលឥស្សរជនទាំង២ ត្រូវបានគេរំពឹងថា នឹងដោះស្រាយការហាមឃាត់របស់ប្រទេសចិន លើការនាំចូលអាហារសមុទ្ររបស់ជប៉ុន។
ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក Iwaya ទៅកាន់រដ្ឋធានីរបស់ចិន តាមការអញ្ជើញរបស់ប្រទេសចិន គឺជាលើកទី១ របស់លោក ចាប់តាំងពីចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ក្នុងខែតុលា។
គួររំលឹកថា ទីក្រុងប៉េកាំងបានដាក់បម្រាមកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីទីក្រុងតូក្យូ បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចហើយចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលបានរងការបំផ្លិចបំផ្លាញ ទោះបីជាមានការប្រឆាំងតវ៉ាពីចិនក៏ដោយ។
នៅពេលត្រូវបានសួរអំពីបម្រាមនេះ អំឡុងសន្និសីទព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃអង្គារ (ទី២៤ ខែធ្នូ) អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានជំរុញឲ្យប្រទេសជប៉ុនបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់កាលពីខែកញ្ញា។
កិច្ចព្រមព្រៀងនោះ ទាមទារឲ្យប្រទេសជប៉ុនត្រូវបង្កើតការរៀបចំត្រួតពិនិត្យអន្តរជាតិរយៈពេលវែង និងអនុញ្ញាតឲ្យភាគីពាក់ព័ន្ធនានា ដូចជាប្រទេសចិនជាដើម ប្រមូលសំណាក និងការត្រួតពិនិត្យដោយឯករាជ្យ៕

