តួអង្គឧស្សាហកម្មអាវុធអន្តរជាតិ បានប្រជែងគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងការពារជាតិរបស់ប្រទេសវៀតណាម អំឡុងការតាំងពិព័រណ៍ ថ្មីៗនេះ ខណៈដែលប្រទេសនេះព្យាយាមងាកចេញពីការពឹងផ្អែករបស់ខ្លួនលើរុស្ស៊ី សម្រាប់សព្វាវុធ។
ក្រុមហ៊ុនជាង ២០០ មកពីប្រទេសចំនួន ៣០ ក្នុងនោះរួមមានទាំងប្រទេសចិន រុស្ស៊ី សហរដ្ឋអាមេរិក អ៊ីរ៉ង់ អ៊ីស្រាអែល និងឥណ្ឌាផងដែរ បានចូលរួមក្នុងព្រឹត្តិការណ៍ដែលបានបញ្ចប់ កាលពីថ្ងៃអាទិត្យ (ទី២២ ធ្នូ)។
ក្រសួងការពារជាតិវៀតណាម ដែលបានរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលមានតម្លៃជាង ២៨៦លានដុល្លារ ត្រូវបានចុះហត្ថលេខាដោយក្រុមធុរកិច្ចក្នុងស្រុក ពោលគឺកើនឡើងទ្វេដងនៃតម្លៃដែលបានចុះហត្ថលេខានៅក្នុងការព្រឹត្តិការណ៍ចុងក្រោយ កាលពីឆ្នាំ២០២២។ ហើយជារួម កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៧ ត្រូវបានចុះហត្ថលេខា។
អ្នកស្រាវជ្រាវរយៈពេលខ្លី នៅឯកម្មវិធីសិក្សាវៀតណាមនៃវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី គឺលោក Nguyen Khac Giang បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែពាក់ព័ន្ធនឹងទិដ្ឋភាពអាជីវកម្មប៉ុណ្ណោះទេ។
លោកបានបន្ថែមថា ដោយសារភាពតានតឹងដែលកំពុងបន្តមាន រវាងប្រទេសមួយចំនួនដែលបានចូលរួម រួមមានអ៊ីរ៉ង់-អ៊ីស្រាអែល អាមេរិក-ចិន និងអាមេរិក-រុស្ស៊ី ព្រឹត្តិការណ៍នេះ បានបង្ហាញពីសមត្ថភាពការទូតរបស់វៀតណាម៕


