នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃអង្គារ (ទី២៤ ខែធ្នូ) នេះ បាននិយាយថា លោកចង់ពង្រឹងសម្ព័ន្ធភាពរបស់ប្រទេសរបស់លោកជាមួយសហរដ្ឋអាមេរិក ខណៈដែលលោកបានជំរុញឲ្យមានកិច្ចប្រជុំជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ឲ្យបានឆាប់តាមដែលអាច។
ជប៉ុន គឺជាប្រទេសជិតខាងជាមួយប្រទេសចិនដែលមានសកម្មភាពឥតញញើតកាន់តែខ្លាំងឡើងៗ និងជាមួយប្រទេសមានអាវុធនុយក្លេអ៊ែរ គឺកូរ៉េខាងជើងដែលបាន និងកំពុងធ្វើឲ្យទំនាក់ទំនងយោធាកាន់តែមានភាពស៊ីជម្រៅជាមួយរុស្ស៊ី។
នៅឯសន្និសីទសារព័ត៌មាន អមដោយការបន្ថែមថា មិនទាន់មានកាលកំណត់ សម្រាប់ជំនួបដែលអាចកើតមាននោះ លោក Ishiba បានប្រាប់ថា៖ «ខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងសម្ព័ន្ធភាពអាមេរិក-ជប៉ុនឲ្យកាន់តែរឹងមាំថែមទៀត និងចែករំលែកការយល់ដឹងរួម អំពីស្ថានភាពនៅក្នុងតំបន់អាស៊ីភាគឦសាន»។
លោក Ishiba ដែលចូលកាន់តំណែងតាំងពីខែតុលាមកនោះ បានព្យាយាមឲ្យមានកិច្ចប្រជុំជាមួយ លោក Trump ប៉ុន្តែបានប្រាប់អ្នកសារព័ត៌មានកាលពីខែមុនថា គណបក្សរបស់ប្រធានាធិបតីជាប់ឆ្នោត បាននិយាយថា កិច្ចប្រជុំជាមួយមេដឹកនាំពិភពលោក ត្រូវបានរឹតបន្តឹងក្រោមច្បាប់ Logan មុនពេលមានការស្បថចូលកាន់តំណែងរបស់លោក Trump នៅខែមករា៕


