ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី នៅថ្ងៃអង្គារ (ទី២៤ ខែធ្នូ) នេះ បានរាយការណ៍ថា តុលាការរុស្ស៊ី បានកាត់ទោសពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Eugene Spector ឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ពីបទចារកម្ម។
ដោយបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគារ ៣ឆ្នាំកន្លះ នៅប្រទេសរុស្ស៊ី ពីបទសូកប៉ាន់ លោក Spector ដែលបានកើតនៅប្រទេសរុស្ស៊ី ហើយបន្ទាប់មកបានផ្លាស់ទៅសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់កាលពីខែសីហាឆ្នាំមុន ពីបទចារកម្ម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មុនពេលចាប់ខ្លួនឆ្នាំ២០២១ រូបលោកបានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលរបស់ស្ថាប័ន Medpolymerprom Group ដែលជាក្រុមហ៊ុនឯកទេសខាងថ្នាំព្យាបាលជំងឺមហារីក។
អ្នកទោស Spector នៅក្នុងសំណុំរឿងតុលាការដំបូងរបស់លោក បានផ្ដល់ចម្លើយពីភាពមានទោសថា បានសូកប៉ាន់ជំនួយការរបស់អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី៕

