UN៖ ប្រទេសចិន និងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងដោយដកការប៉ុនប៉ងនៃការដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៩ ឡើងវិញ ដើម្បីដកបម្រាមលើការនាំចេញរូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់ទីក្រុងព្យុងយ៉ាង ហើយរួមបញ្ចូលទាំងការដកបម្រាមឲ្យកូរ៉េខាងជើងអាចនាំចូលប្រេងចម្រាញ់រួច សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជន។

នៅក្នុងសេចក្តីពង្រាងសម្រេចដែលយកមកចាត់ការឡើងវិញ ដែលសារព័ត៌មាន Reuters ទទួលបានកាលពីថ្ងៃចន្ទ ប្រទេសចិន និងរុស្ស៊ីចង់ឱ្យក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេសដកចេញទណ្ឌកម្មទាំងនោះ "ដោយមានចេតនាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស៊ីវិល" នៅក្នុងរដ្ឋឯកោនៅអាស៊ីមួយនេះ។ កូរ៉េខាងជើងបានរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ មកលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់ខ្លួន។ សេចក្តីព្រាងសម្រេចនេះក៏រួមបញ្ចូលនូវវិធានការផ្សេងទៀត ដែលស្នើឡើងដំបូងដោយរុស្ស៊ី និងចិនកាលពីជិត ២ឆ្នាំមុន រួមទាំងការដកបម្រាមលើជនជាតិកូរ៉េខាងជើងដែលធ្វើការនៅបរទេស និងការលើកលែងគម្រោងសហប្រតិបត្តិការផ្លូវដែក និងផ្លូវអន្តរកូរ៉េពីការដាក់ទណ្ឌកម្មនោះ។
អ្នកការទូតជាច្រើនរូបរបស់អង្គការសហប្រជាជាតិដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការព្រាងសេចក្តីសម្រេចដែលបានធ្វើឡើងវិញនេះនឹងរកបានការគាំទ្រតិចតួចណាស់។ ក្នុងឆ្នាំ២០១៩ រុស្ស៊ី និងចិនបានបើកការចរចាក្រៅផ្លូវការចំនួន ២ជុំលើសេចក្តីព្រាងសេចក្តីសម្រេចនេះ ប៉ុន្តែមិនដែលបានកំណត់ជាផ្លូវការសម្រាប់ការបោះឆ្នោតនោះទេ៕
អត្ថបទ៖ សុខមាន