ក្រសួងសុខភាពរបស់តំបន់ហ្កាហ្សា នៅថ្ងៃអង្គារ (ទី២៤ ខែធ្នូ) នេះ បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានបង្ខំឲ្យមានការជម្លៀសចេញពីមន្ទីរពេទ្យឥណ្ឌូនេស៊ី (Indonesian Hospital) នៅភាគខាងជើងដែនដីនេះ ហើយអ្នកជំងឺជាច្រើននាក់ដែលខ្លះធ្វើដំណើរដោយថ្មើរជើង បានទៅដល់មន្ទីរពេទ្យមួយផ្សេងទៀត នៅឆ្ងាយពីទីក្រុងហ្កាហ្សា។
មន្ទីរពេទ្យឥណ្ឌូនេស៊ី គឺជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យមួយចំនួនរបស់តំបន់ហ្កាហ្សាស្ទ្រីប ដែលនៅតែដំណើរការផ្នែកខ្លះ នៅជ្រុងភាគខាងជើងរបស់តំបន់នេះដែលស្ថិតក្រោមសម្ពាធយោធាអ៊ីស្រាអែលយ៉ាងខ្លាំងក្លាអស់រយៈពេលជិត ៣ខែ។
អ៊ីស្រាអែល និយាយថា ប្រតិបត្តិការរបស់ខ្លួន លើសហគមន៍ហ្កាហ្សាភាគខាងជើងចំនួន ៣កន្លែង ជុំវិញមន្ទីរពេទ្យ គឺ Beit Lahiya, Beit Hanoun និង Jabalia កំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស។
តែអ្នកស្រុកប៉ាឡេស្ទីនចោទអ៊ីស្រាអែលថា បានព្យាយាមធ្វើឲ្យកាន់តែតិចទៅៗនូវចំនួនប្រជាជនអចិន្ត្រៃយ៍ នៅភាគខាងជើងហ្កាហ្សា ដើម្បីបង្កើតតំបន់ទ្រនាប់ ជាការលើកឡើងដែលអ៊ីស្រាអែលបដិសេធ។
លោក Munir Al-Bursh ប្រធានក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សាស្ទ្រីបគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា កងទ័ពអ៊ីស្រាអែលបានបញ្ជាឲ្យមន្ត្រីមន្ទីរពេទ្យជម្លៀសចេញ កាលពីថ្ងៃចន្ទ (ទី២៣ ខែធ្នូ) មុនពេលសម្រុកចូលទីនោះ នាព្រឹកព្រលឹមថ្ងៃអង្គារនេះ និងបង្ខំឲ្យអ្នកនៅខាងក្នុងចាកចេញ៕



