ប្រមុខដឹកនាំជាក់ស្ដែងរបស់ប្រទេសស៊ីរី គឺលោក Ahmed al-Sharaa នៅថ្ងៃអង្គារ (ទី២៤ ខែធ្នូ) នេះ បានឈានដល់កិច្ចព្រមព្រៀងជាមួយបណ្ដាប្រធានអតីតក្រុមឧទ្ទាម ដើម្បីរំលាយក្រុមទាំងអស់ និងបង្រួបបង្រួមពួកគេឲ្យស្ថិតនៅក្រោមក្រសួងការពារជាតិតែមួយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋបាលថ្មី។
នាយករដ្ឋមន្ត្រី លោក Mohammed al-Bashir បាននិយាយកាលពីសប្តាហ៍មុនថា ក្រសួងនឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយប្រើប្រាស់អតីតក្រុមឧទ្ទាម និងមន្ត្រីដែលបានភៀសខ្លួនចេញពីកងទ័ពរបស់លោក Bashar al-Assad។
លោក Sharaa នឹងប្រឈមជាមួយកិច្ចការដ៏គួរឲ្យខ្លាច ក្នុងការប្រឹងប្រែងបញ្ចៀសការប៉ះទង្គិចគ្នា រវាងក្រុមជាច្រើន។ ប្រមុខដឹកនាំថ្មីរបស់ស៊ីរី បានតែងតាំងលោក Murhaf Abu Qasra ដែលជាឥស្សរជនឈានមុខគេ អំឡុងការបះបោរដែលបានផ្តួលរំលំលោក Assad ជារដ្ឋមន្ត្រីការពារជាតិ ក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន។
គួររំលឹកថា ក្រុមឧទ្ទាមស៊ីរីបានដណ្តើមកាន់កាប់ក្រុងដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ ដោយបានបង្ខំឲ្យលោក Assad ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីមានសង្គ្រាមស៊ីវិលជាង ១៣ឆ្នាំ និងបានបញ្ចប់ការគ្រប់គ្រងរយៈពេលជាច្រើនទសវត្សរ៍របស់គ្រួសារលោក៕



