មេដឹកនាំតាមព្រឹត្តន័យរបស់ស៊ីរីលោក Ahmed al-Sharaa បាននិយាយក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកាតាថា កាតាបានបង្ហាញការត្រៀមខ្លួនក្នុងការវិនិយោគទុនលើវិស័យជាច្រើននៅស៊ីរី រួមទាំងវិស័យថាមពល និងកំពង់ផែផងដែរ ។
លោក Sharaa បន្តថា លោកបានអញ្ជើញព្រះមហាក្សត្រកាតាព្រះអង្គម្ចាស់ Tamim bin Hamad Al-Thani ឲ្យយាងបំពេញទស្សនកិច្ចមកកាន់ស៊ីរីផងដែរ ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា រដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed Al-Khulaifi បានធ្វើដំណើរទៅដល់ទីក្រុងដាម៉ាស់ សម្រាប់ជំនួបជាមួយលោក Sharaa តាមជើងហោះលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ចុះចតនៅក្នុងរដ្ឋធានីប្រទេសស៊ីរីមួយនេះ ចាប់តាំងពីការដួលរលំរបស់លោកអតីតប្រធានាធិបតី Bashar al-Assad ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសហ្សកដានីលោក Ayman al-Safadi បាននិយាយក្រោយជំនួបជាមួយ Sharaa ថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់ក្នុងការជួយស៊ីរី ដើម្បីកសាងប្រទេសជាតិរបស់ពួកគេឡើងវិញ ដែលជាការទាក់ទងកម្រិតខ្ពស់បំផុត ដោយរដ្ឋអារ៉ាប់មួយនេះ ជាមួយរដ្ឋបាលថ្មីដឹកនាំដោយអ៊ិស្លាមរបស់ស៊ីរី ។
ជំនួបទាំង ២ នេះ បានធ្វើឲ្យកាន់តែទូលំទូលាយនូវទំនាក់ទំនងការទូតរបស់រដ្ឋបាលថ្មី ដែលត្រូវបានបង្កើតឡើង ក្រោយក្រុមឧទ្ទាមអ៊ិស្លាម Hayat Tahrir al-Sham (HTS) របស់លោក Sharaa ដែលជាអតីតសម្ព័ន្ធអាល់កៃដា ដឹកនាំការវាយលុកលឿនដូចផ្លេកបន្ទោររបស់ពួកគេ ដើម្បីផ្តួលរំលំរបបផ្តាច់ការរបស់លោក Assad ក្រោយសង្រ្គាមស៊ីវិលអស់រយៈពេល ១៣ឆ្នាំ ៕

