កំពង់ឆ្នាំង ៖ ផ្លូវជនបទនៅខេត្តកំពង់ឆ្នាំង បានកំពុងផ្តល់អត្ថប្រយោជន៍ និងធានាដល់ការធ្វើដំណើរយូរអង្វែង ជាពិសេសការចូលរួមលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាង តំបន់ជនបទនិងទីប្រជុំជន។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់ សុពលភាពផ្លូវ និងស្ពានចំនួន ២ គម្រោង ស្ថិតនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៤ ធ្នូ នេះថា ជុំវិញការអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅ តាមជនបទ ខេត្តកំពង់ឆ្នាំងគឺជាខេត្តមួយមានការអភិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ ដោយហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ជាពិសេស បណ្តាញផ្លូវនៅតាមជនបទជាច្រើន បានកំពុងគាំទ្រដល់ការរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជំរុញដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងសិប្បកម្មផ្សេងៗ។
ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈផ្លូវក្រាលកៅស៊ូ DBST ប្រកបដោយគុណភាពខាងលើនេះ, បានជំរុញឱ្យតំបន់ជនបទ ដែលស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្លាយជាតំបន់ទេសចរទាក់ទាញមួយ និងជាតំបន់ប្រកបដោយបរិស្ថានល្អ គួរឱ្យចង់រស់នៅ ដោយបានកំពុងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការលក់ដូរ និងការធ្វើអាជីវកម្មផ្សេងៗ ជាពិសេស តាមរយៈផ្លូវខាងលើនេះដែរ ក៏ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងការកាត់បន្ថយ ចំណាយផ្សេងៗជាដើម។
ដោយឡែកការស្ថាបនាស្ពាន, ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការងារស្ថាបនាស្ពាននេះ គឺជារចនាសម្ព័ន្ធដែល មិនអាចខ្វះបាននោះឡើយ ជាក់ស្តែងស្ពានបេតុង ប្រវែង ៩០ ម៉ែត្រ ស្ថិតនៅភូមិស្ទឹងស្ងួត ឃុំអំពឹលទឹក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ស្ពាននេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មូលដ្ឋានខាងលើ ក្នុងនោះក្រៅពីការធ្វើដំណើរ ស្ពានមួយនេះក៏ជួយ សម្រួលដល់ការដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសដឹកជញ្ជូនស្រូវពីវាលស្រែមកកាន់លំនៅឋាននៅពេលប្រមូលផល ព្រោះប្រជា ពលរដ្ឋនៅតំបន់នោះភាគច្រើនគឺជាកសិករ ដែលរស់នៅពឹងផ្អែកលើការធ្វើស្រែ និងការនេសាទជាដើម។
ជុំវិញសមិទ្ធផលខាងលើនេះ, ឯកឧត្តម សាន វិសាល ក៏បានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានអនុវត្តការងារថែទាំ បានល្អប្រសើរ រហូតផុតសុពលភាព ដែលផ្លូវនិងស្ពានខាងលើនេះ និងធានាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយូរអង្វែង។ ចំណែក នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសមិទ្ធផលទាំង នេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា៕
អត្ថបទ៖សុនរ៉ាឌី
















