នៅថ្ងៃអង្គារនេះ ក្រុមគ្រិស្តសាសនិករាប់រយនាក់ បានជួបជុំគ្នាក្នុងទីក្រុងដាម៉ាស់ ដើម្បីតវ៉ានឹងការដុតបំផ្លាញដើមណូអែលនៅសង្កាត់ al-Suqaylabiyah ស្ថិតក្នុងតំបន់ជនបទនៃទីក្រុងហាម៉ា ។
ដោយកាន់ឈើឆ្កាង ក្រុមបាតុកម្មនាំគ្នាស្រែកពាក្យស្លោកជាភាសាអារ៉ាប់ដែលមានន័យថា “ពួកយើងគឺជាទាហានរបស់ព្រះយេស៊ូគ្រិស្ត” និង “ជាមួយនឹងឈាម និងព្រលឹង ពួកយើងពលីដើម្បីព្រះយេស៊ូគ្រិស្ត” ។
គួរឲ្យដឹងថា បណ្ដាមេដឹកនាំព្រះវិហារនៅស៊ីរី បានផ្តល់ដំបូន្មានដល់គ្រិស្តសាសនិកឲ្យកាត់បន្ថយការប្រារព្ធពិធីបុណ្យណូអែលនៅឆ្នាំនេះ បើទោះបីជាមានការធានាពីក្រុមអ៊ិស្លាមនិយមដែលទើបកាន់អំណាចថ្មីថា គ្រប់ពលរដ្ឋទាំងអស់មានសេរីភាពក្នុងការអនុវត្តសាសនារបស់ពួកគេក៏ដោយ ។
ការដាក់កំហិតនេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមចម្បងមួយសម្រាប់មេដឹកនាំអ៊ិស្លាមនិយមថ្មីរបស់ស៊ីរី ជុំវិញការបង្កើតទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមជនជាតិភាគតិចជាច្រើន ដែលសុទ្ធតែមានរបួសផ្លូវចិត្តដោយរបបផ្តាច់ការជាច្រើនទសវត្សរ៍ និងសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ ។
មេដឹកនាំតាមព្រឹត្តន័យស៊ីរី លោក Ahmed al-Sharaa បាននិយាយប្រាប់ក្រុមគ្រិស្តសាសនិក និងក្រុមសាសនាផ្សេងទៀតថា ពួកគេនឹងមានសុវត្ថិភាពនៅស៊ីរី ក្រោមការគ្រប់គ្រងដោយក្រុមឧទ្ទាម HTS ដែលជាអតីតសម្ព័ន្ធមិត្តរបស់ពួកឧទ្ទាមអាល់កៃដា ទោះជាលោកធ្លាប់ជាអតីតមេដឹកនាំក្រុមអ៊ីស្លាមនិកាយនិកាយស៊ុននី ដែលចាត់ទុកគ្រិស្ដសាសនិកថាជាអ្នកមិនស្មោះត្រង់ក៏ដោយ ។
អ្នកស្រី Laila Farkouh គឺជាបាតុករមួយរូប និយាយថា ពួកយើងនៅទីនេះ ដើម្បីតវ៉ាទាមទារសិទ្ធិសេរីភាពរបស់ពួកយើងប្រឆាំងនឹងការឈ្លានពានដែលបានកើតឡើងនៅសង្កាត់ al-Suqaylabiyah គឺការដុតបំផ្លាញចោលដើមណូអែល ការវាយប្រហារលើព្រះវិហារ ៕