កងទ័ពអ៊ីស្រាអែល បានបង្ហាញអាវុធជាច្រើនប្រភេទដែលពួកគេនិយាយថា ពួកគេរឹបអូសបានពីតំបន់ភាគខាងត្បូងលីបង់ ។
ថ្លែងទៅកាន់សារព័ត៌មាននៅតំបន់ភាគខាងជើងអ៊ីស្រាអែល អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោក Nadav Shoshani និយាយថា ភាគច្រើននៃអាវុធទាំងអស់នេះ គឺជារបស់អ៊ីរ៉ង់ ដែលនាំចូលឆ្លងកាត់ប្រទេសស៊ីរី ហើយអាវុធផ្សេងទៀតជារបស់រុស្ស៊ី ចិន និងផលិតដោយក្រុមជីវពលហេសបូឡា ។
លោក Shoshani និយាយទៀតថា ក្រុមហេសបូឡា បានផ្លោងគ្រាប់រ៉ុក្កែត និងមីស៊ីលចំនួន ១៨.០០០គ្រាប់ អំឡុងសង្រ្គាមរបស់ពួកគេនៅតំបន់ភាគខាងជើងអ៊ីស្រាអែល ។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងបទឈប់បាញ់ បានឈានដល់កាលពីខែមុន រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
ក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងអ៊ីស្រាអែល អាចបន្តឈរជើងនៅក្នុងប្រទេសលីបង់រយៈពេល ៦០ថ្ងៃ ហើយអ៊ីស្រាអែល មិនត្រូវបង្កើតទីតាំងឈរជើងនៅតំបន់ភាគខាងត្បូងលីបង់នោះឡើយ រួមទាំងតំបន់ដែលយោធាពួកគេកាន់កាប់អំឡុងឆ្នាំ ១៩៨២-២០០០ ៕