មនុស្សយ៉ាងហោច ៤នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន អំឡុងពេលភ្លៀងខ្លាំងបង្កជាទឹកជំនន់វាយប្រហារទីក្រុង Port-de-Paix របស់ប្រទេសហៃទី ចាប់តាំងពីយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃចន្ទ ។ ភ្លៀងធ្លាក់នេះដែរ បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ ផ្ទះជាច្រើនខ្នង រងការបំផ្លិចបំផ្លាញ និងរងការខូចខាតធ្ងន់ធ្ងរ ។
សាលាក្រុង Port-de-Paix និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាគឺជាភាពក្រៀមក្រំដ៏ពន់ពេកមួយពេលដឹងពីការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបានវាយប្រហារទីក្រុង Port-de-Paix ។ នេះគឺជាគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ សូម្បីតែការឈឺចាប់ក៏កើតមាន ក្រោយបាត់បង់ជីវិតមនុស្ស ។
សេចក្តីថ្លែងការណ៍បន្តទៀតថា តាងនាមឲ្យសាលាក្រុង Port-de-Paix ពួកយើងសូមសម្តែងនូវសាមគ្គីភាពរបស់ពួកយើងទាំងអស់គ្នា និងការគាំទ្រដល់ពលរដ្ឋនៅទីក្រុង Port-de-Paix ក្នុងពេលវេលាដ៏លំបាកនេះ ។ ពួកយើងសូមចែករំលែកការឈឺចាប់របស់គ្រួសារជនរងគ្រោះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ។
ខណៈពេលនេះដែរ នាយករដ្ឋមន្រ្តីហៃទីលោក Alix Didier Fils-Aimé បានកោះប្រជុំយុទ្ធសាស្រ្តបន្ទាន់នៅការិយាល័យនាយករដ្ឋមន្រ្តីជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងការងារសាធារណៈ ក្រសួងសុខភាពសាធារណៈ និងក្រសួងបរិស្ថាន ក៏ដូចជាប្រធានក្រុមការពារស៊ីវិល ដើម្បីបង្កើតការឆ្លើយតបរហ័ស និងមានប្រសិទ្ធិភាពដល់ស្ថានភាពអាសន្នមួយនេះ ៕

