
ជនភៀសខ្លួន និងពលរដ្ឋស៊ីរីនៅប្រទេសអេហ្ស៊ីប ប្រឈមនឹងអនាគតពុំច្បាស់លាស់ ស្របពេល ការគ្រប់គ្រងថ្មីអាចធ្វើឲ្យគ្រោះថ្នាក់ដល់សិទ្ធិសេរីភាពរបស់ពួកគេបន្តស្នាក់នៅក្នុងប្រទេសមួយនេះ ក្រោយការដួលរលំទៅរបស់លោក Bashar al-Assad កាលពីដើមខែនេះ ។
ភ្លាមៗនោះ បណ្តាប្រទេសនៅអឺរ៉ុប បានផ្អាកការដាក់ពាក្យសុំសិទ្ធិជ្រកកោនដល់ជនភៀសខ្លួនស៊ីរី ក្រោយក្រុមឧទ្ទាមអ៊ីស្លាម Hayat Tahrir al-Sham ដណ្តើមគ្រប់គ្រងទីក្រុងដាម៉ាស់កាលពីថ្ងៃទី ៨ ខែធ្នូកន្លងទៅ បង្ខំឲ្យលោក Assad រត់ភៀសខ្លួនទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសស៊ីរី ក្រោយសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ ។
ប្រទេសផ្សេងទៀត បានឆ្លើយតបផងដែរចំពោះការផ្លាស់ប្តូររបត់នយោបាយនេះ ។ កាលពីសប្តាហ៍មុន ប្រទេសអេហ្ស៊ីប បានផ្តល់សច្ចាប័នដល់ច្បាប់ថ្មី ក្នុងការផ្តល់អំណាចដល់រដ្ឋាភិបាល ដើម្បីកំណត់ស្ថានការរបស់ជនភៀសខ្លួន ។
ប្រភពសន្តិសុខ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការសម្រេចចិត្តនេះ នៅពុំទាន់បានបង្កើតឡើងនោះទេថាតើ ពលរដ្ឋស៊ីរីនៅក្នុងប្រទេសអេហ្ស៊ីប មានលក្ខណៈគ្រប់គ្រាន់ជាជនភៀសខ្លួនឬយ៉ាងណា ក្រោមច្បាប់ថ្មី ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានប៉ាន់ស្មានថា ពលរដ្ឋស៊ីរី ៦លាននាក់ កំពុងរស់នៅជាជនភៀសខ្លួន នៅជុំវិញពិភពលោក ដែលភាគច្រើននៃពួកគេរស់នៅក្នុងប្រទេសជិតខាងខ្លួន ។
ពួកគេបានរំពឹងថា ក្នុងរយៈពេល ៦ខែក្រោយ ពលរដ្ឋស៊ីរី ១លាននាក់ នឹងវិលត្រឡប់ទៅវិញ ប៉ុន្តែជនភៀសខ្លួនស៊ីរីមួយចំនួន ព្រួយបារម្ភថាអាចប្រឈមនឹងការបង្ខំឲ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ៕