យោងតាមរដ្ឋបាលទូទៅទើបបង្កើតថ្មីរបស់ប្រទេសស៊ីរីបានឲ្យដឹងថា មេដឹកនាំតាមជាក់ស្តែងរបស់ ប្រទេសស៊ីរី គឺលោក Ahmed al-Sharaa បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមផ្សេងៗដើម្បីរួបរួមគ្នានៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋបាលបានបញ្ជាក់ថាលោក al-Sharaa និងក្រុមមេដឹកនាំក្រុមឧទ្ទាមផ្សេងទៀត បានយល់ព្រមរំលាយបក្សពួករបស់ពួកគេ ហើយច្របាច់បញ្ចូលគ្នាជាកងកម្លាំងជាតិតែមួយក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។

ទោះយ៉ាងណាក៏ដោយ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចឃឺដគាំទ្រដោយសហរដ្ឋអាមេរិក និងមានមូលដ្ឋាននៅភាគឦសានប្រទេសស៊ីរី មិនមែនជាផ្នែកនៃការរៀបចំថ្មីនេះទេ។

លោកនាយករដ្ឋមន្ត្រី Mohammed al-Bashir បានប្រកាសកាលពីសប្តាហ៍មុនថា ក្រសួងការពារជាតិស៊ីរីនឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយរួមបញ្ចូលបណ្ដាអតីតក្រុមឧទ្ទាម និងក្រុមមន្ត្រីដែលរត់ចោលជួរពីកងទ័ពរបស់លោកប្រធានាធិបតី Bashar al-Assad ។
ឥឡូវនេះ លោក Shara នឹងប្រឈមភារកិច្ចដ៏លំបាកក្នុងការព្យាយាមជៀសវាងការប៉ះទង្គិចគ្នារវាងក្រុមជាច្រើន។
ការរួមបញ្ចូលជាកម្លាំងជាតិតែមួយនេះ បានកើតឡើងបន្ទាប់ពីការវាយលុកដ៏ខ្លាំងក្លាកាលពីពីរសប្តាហ៍មុនដែលនាំឱ្យក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដណ្តើមបានការគ្រប់គ្រងរដ្ឋធានីដាម៉ាស៕