ការពិតដ៏ឃោរឃៅក្នុងពិភពលោកបច្ចុប្បន្ននេះគឺថា ចំនួនមនុស្សដែលស្រេកឃ្លាន ឬបើមិនដូច្នេះទេអ្នកដែលកំពុងរងទុក្ខវេទនានៅជុំវិញពិភពលោក កំពុងកើនឡើងរៀងរាល់ថ្ងៃ ខណៈថវិកាដែលប្រទេសអ្នកមានទ្រព្យបំផុតនៅលើពិភពលោករួមចំណែកក្នុងការជួយពួកគេ កំពុងថយចុះ។

ជាលទ្ធផល អង្គការសហប្រជាជាតិនិយាយថា ខ្លួននឹងអាចរៃអង្គាសប្រាក់បានដើម្បីជួយមនុស្សប្រហែល ៦០% ប៉ុណ្ណោះនៃប្រជាជន ៣០៧លាននាក់ ដែលខ្លួនព្យាករថានឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយ។ នោះមានន័យថា យ៉ាងហោចណាស់មនុស្ស ១១៧លាននាក់ នឹងមិនទទួលបានអាហារ ឬជំនួយផ្សេងទៀតទេនៅឆ្នាំ២០២៥។

អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៤ រៃអង្គាសប្រាក់បានត្រឹមប្រហែល ៤៦% នៃចំនួន ៤៩,៦ពាន់លានដុល្លារ ដែលត្រូវការសម្រាប់ជំនួយមនុស្សធម៌នៅទូទាំងពិភពលោក។ នេះជាឆ្នាំទីពីរជាប់គ្នាហើយ ដែលស្ថាប័នពិភពលោកមួយនេះបានប្រមូលប្រាក់តិចជាងពាក់កណ្តាលនៃអ្វីដែលខ្លួនត្រូវការ។

កង្វះខាតនេះបានបង្ខំឱ្យភ្នាក់ងារមនុស្សធម៌ ធ្វើការសម្រេចចិត្តដ៏សោកសៅបំផុត ដូចជាការកាត់បន្ថយរបបអាហារសម្រាប់អ្នកអត់ឃ្លាន និងកាត់បន្ថយចំនួនមនុស្សដែលមានសិទ្ធិទទួលបានជំនួយ ជាឧទាហរណ៍ដូចនៅស៊ូដង់ ជាទីដែលគ្រោះទុរ្ភិក្ស និងភាពអត់ឃ្លានរីករាលដាល និងនៅស៊ីរី ឬដូចជាតំបន់ហ្កាហ្សា ជាដើម។
មូលនិធិមនុស្សធម៌ភាគច្រើនបានមកពីម្ចាស់ជំនួយតែបីប៉ុណ្ណោះគឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងគណៈកម្មការអឺរ៉ុប។ សម្ពាធផ្នែកហិរញ្ញវត្ថុ និងការផ្លាស់ប្តូរនយោបាយក្នុងស្រុក កំពុងជះឥទ្ធិពលលើការសម្រេចចិត្តរបស់ប្រទេសសម្បូរទ្រព្យជាច្រើនអំពីទីកន្លែង និងចំនួនទឹកប្រាក់ប៉ុន្មានដែលត្រូវផ្តល់ជាជំនួយ៕