ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន ឈីដូ(Chido) នៅប្រទេសម៉ូសំប៊ិក បានកើនឡើងពី ៩៤នាក់ ដល់ ១២០នាក់ នេះបើយោងតាមវិទ្យាស្ថានជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (INGD) ។

ព្យុះស៊ីក្លូនត្រូពិកប្រភេទទី ៤ បានបោកបក់នៅប្រទេសម៉ូសំប៊ិកកាលពីថ្ងៃទី ១៥ ធ្នូ ដោយនាំមកនូវល្បឿនខ្យល់២៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្រិតទឹកភ្លៀង ២៥០ មីលីម៉ែត្រក្នុងរយៈពេល២៤ ម៉ោងដំបូង។
ជាមួយគ្នានោះ មានសេចក្ដីរាយការណ៍ថា មនុស្សជិត៩០០នាក់បានរងរបួស។

មនុស្សជាច្រើនត្រូវបានបាត់បង់ផ្ទះសម្បែង ក្រោយការបំផ្លាញដោយព្យុះដ៏ខ្លាំងក្លានេះ ខណៈហេដ្ឋារចនាសម្ព័ន្ធរួមមានសាលារៀន និងមណ្ឌលសុខភាពត្រូវបានរងផលប៉ះពាល់។
ឥទ្ធិពលនៃព្យុះនេះក៏មានការប៉ះពាល់នៅប្រទេសម៉ាដាហ្គាស្កា កូម័រ ហ្ស៊ីមបាវ៉េ និងម៉ាឡាវី ផងដែរ។
ព្យុះទីមួយបានវាយប្រហារទឹកដីកោះនាយសមុទ្រម៉ាយ៉ត់ (Mayotte) របស់បារាំង កាលពីថ្ងៃទី ១៤ខែធ្នូ ដោយនាំមកនូវខ្យល់បក់កម្លាំងលើសពី២២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈចំនួនអ្នកស្លាប់ជាផ្លូវការនៅកោះនេះ កើនឡើងដល់ជិត៤០នាក់ទោះក្រុមខ្លះអះអាងថាចំនួនអាចខ្ពស់ជាងនេះក៏ដោយ៕