គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុងវិស័យសេដ្ឋកិច្ច មានទំហំទឹក ប្រាក់ជាង ២៤៧ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៦១ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ២ ភាគរយ ធៀបនឹងឆ្នាំមុន។
ធនាគារជាតិនៃកម្ពុជា បង្ហាញពីឥណទានដែលបានផ្តល់តាមវិស័យ ជួយទ្រទ្រង់ក្នុងសកម្មភាពសេដ្ឋកិច្ច សម្រាប់ជាប្រភព ទុនដ៏សំខាន់ៗសម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាស ក្នុងការពង្រីកអាជីវកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។
ជាក់ស្តែងបើតាមការបង្ហាញរបស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមខែ តុលា ឆ្នាំ ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួនទឹកប្រាក់ប្រមាណ ២៤៧.៦៣១ ប៊ីលានរៀល ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក កើនជាង ២ ភាគរយ ធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះ រួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។
ចំពោះទឹកប្រាក់ដែលត្រូវផ្តល់ទៅតាមវិស័យទាំងនោះរួមមាន៖ វិស័យជួញដូរដុំនិងរាយ មានទឹកប្រាក់ជាង ៦០.៩២៦ ប៊ីលានរៀល, សំណង់ ២៩.១៩៩ ប៊ីលានរៀល, ការទិញទំនិញជាកម្មសិទ្ធិផ្ទាល់ខ្លួន ២៧.៦៨៦ ប៊ីលានរៀល, អចលនទ្រព្យ ២៤.៨៦៣, កសិកម្ម ២៣.៧៥៩ ប៊ីលានរៀល, សេវាកម្ម ១៩.៥៨៦ ប៊ីលានរៀល, កម្មន្តសាល ១០.៣៦៧ ប៊ីលានរៀល, អង្គភាព គ្រួសារ ២.៥៩១ ប៊ីលានរៀល និងការផ្តល់ឥណទានទៅលើវិស័យផ្សេងៗទៀត មានទឹកប្រាក់ជាង ៤៨.៦៥៤ ប៊ីលានរៀល៕ អត្ថបទ៖ សុន រ៉ាឌី