រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា ការផ្ទុះបានកើតឡើងនៅរោងចក្រផលិតគ្រឿងផ្ទុះមួយកន្លែង នៅភាគពាយព្យប្រទេសទួរគីកាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ បណ្តាលឲ្យមនុស្ស ១១ នាក់ស្លាប់ និងរងរបួស ៧ នាក់ ហើយការស៊ើបអង្កេតមួយ បានចាប់ផ្តើម។

លោក Yerlikaya បាននិយាយថា ចំនួនអ្នកស្លាប់ដំបូងត្រូវបានប្រកាសខុសដោយមានចំនួនដល់១២នាក់ ខណៈអ្នកស្លាប់ត្រូវបានរាយការណ៍ថាមានចំនួន១១នាក់បណ្តាលមកពីឧបទ្ទវហេតុផ្ទុះនៅរោងចក្រ។

លោកនិយាយថា មនុស្ស៧នាក់ផ្សេងទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យនៅក្បែរនោះ ប៉ុន្តែអ្នករងរបួស ពុំគំរាមកំហែងដល់អាយុជីវិតនោះទេ។
លោក Yerlikaya បាននិយាយនៅខាងក្រៅរោងចក្រផលិតនោះថា មូលហេតុនៃឧបទ្ទវហេតុ កំពុងត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់។
វីដេអូនៅកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញអណ្តាតភ្លើង និងផ្សែងហុយចេញពីអគាររោងចក្រ នៅពេលផ្ទុះ ហើយបានបន្សល់ទុកនូវគ្រោងដែកនៃអគារដែលអគ្គិសភ័យបានរលត់ទៅវិញ។
ក្រសួងទំនាក់ទំនងរដ្ឋាភិបាល បាននិយាយថា ក្រុមពន្លត់អគ្គិភ័យជាច្រើនក្រុម ត្រូវបានបញ្ជូនទៅដើម្បីជួយក្នុងការពន្លត់អគ្គិភ័យ ហើយអង្គភាពសុខាភិបាល និងសន្តិសុខ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ខណៈការស៊ើបអង្កេតចាប់ផ្តើម។